បង់​ក្លា​ដេ​ស អនុម័ត​អោយប្រើ​ថ្នាំ​របស់​ក្រុមហ៊ុន Merck ព្យាបាល​ជំងឺ​កូ​វីដ​-១៩!

បង់​ក្លា​ដេ​ស​៖ អាជ្ញាធរ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​បានអនុម័ត​លើ​ការផលិត និង​ចែកចាយ​នៅលើ​ទីផ្សារ​ចំពោះ​ឱសថ​លេប​មាត់​របស់​ក្រុមហ៊ុន Merck ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។ ថ្នាំ​គ្រាប់​ព្យាបាល Covid-19 នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Merck និង Ridgeback Biotherapeutics ។

​អគ្គនាយកដ្ឋាន​រដ្ឋបាល​ឱសថ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ឱសថ​ចំនួន​ប្រាំបី​ផលិត និង​លក់​ឱសថ​នេះ​ជាទូទៅ​។ ក្រុមហ៊ុន Merck និយាយថា ថ្នាំ​គ្រាប់​របស់ខ្លួន​មានឈ្មោះ molnupiravir អាចមាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​មន្ទីរពេទ្យ ឬ​ការស្លាប់​ដោយសារ​ជំងឺ COVID-19 ប្រហែល​ពាក់កណ្តាល​។ ក្រុមហ៊ុន​មួយ​ក្នុងចំនោម​ក្រុមហ៊ុន Beximco បាន​និយាយថា ខ្លួន​បានចាប់ផ្តើម​ផលិត ហើយនឹង​ចេញលក់​លើ​ទីផ្សារ​នាពេល​ឆាប់ៗ​នេះ​។

​អាជ្ញាធរ​សុខាភិបាល​បាន​និយាយថា ថ្នាំ​នេះ​អាច​ប្រើ​បានតែ​តាម​វេជ្ជបញ្ជា​ប៉ុណ្ណោះ និង​មិនអាច​ប្រើ​បាន​ដោយ​មនុស្ស​ក្រោម​អាយុ ១៨​ឆ្នាំ​ទេ​។ វិធី​ប្រើ អ្នកជំងឺ​នឹងត្រូវ​លេបថ្នាំ​ចំនួន ៨​គ្រាប់​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​ប្រាំ​ថ្ងៃ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close