ក្រុមគ្រួសារជនរងគ្រោះ អំពាវនាវឲ្យមានការដោះលែងមនុស្សគ្មានកំហុសករណីកាប់ព្រៃនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ ក្រុមគ្រួសាររបស់លោក ងិន ស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិកណ្តាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានធ្វើការអំពាវនាវទៅដល់ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ សូមជួយពិនិត្យ និងដោះលែងជនរងគ្រោះម្នាក់នេះ ក្រោយពីត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការកាប់រានដីព្រៃ។

បើតាមលោកស្រី ស៊ី ណែត បងរបស់ជនរងគ្រោះបាននិយាយថា ប្អូនរបស់អ្នកស្រីត្រូវបានបុគ្គលម្នាក់ដែលមានឈ្មោះ ប៊ុន ប៊ន បានជួលទៅឲ្យកាប់ឆ្កាដីនៅចំណុចអូរសោម ដោយឈ្មោះនេះអះអាងថា ដីរបស់គេបានកាន់កាប់ដោយស្របច្បាប់រយៈពេលជាយូរមកហើយ ។
អ្នកស្រីបន្តថា ខណៈដែលប្អូនរបស់អ្នកស្រុកកាប់ឆ្ការព្រៃដើម្បីប្តូរយកប្រាក់ដើម្បីចិញ្ចឹមគ្រួសារនោះ ក៏មានសមត្ថកិច្ច ក៏ដូចជាខាងបរិស្ថាន បានមកចាប់ខ្លួនប្អូនរបស់អ្នកស្រីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយចោទប្រកាន់ថា ប្អូនរបស់អ្នកស្រីមកកាប់រានដីរបស់រដ្ឋ។

បើគិតមកទល់ពេលនេះ ប្អូនប្រុសរបស់អ្នកស្រី ស៊ីណែត បានជាប់ពន្ធនាគារអស់រយៈពេលប្រមាណ ៣ខែហើយ ខណៈដែលទីតាំងដីដែលប្អូនរបស់អ្នកស្រីកាប់ឆ្កានោះ ត្រូវឈ្មោះ ប៊ុន ប៊ន លក់បន្តទៅឲ្យអ្នកផ្សេងទៀតយកលុយបាត់ទៅហើយ ដោយពុំខុសច្បាប់នោះឡើយ តែប្អូនរបស់អ្នកស្រីបែរជាត្រូវជាប់ពន្ធនាគារទៅវិញ។
ករណីនេះ ក្រុមគ្រួសាររបស់លោក ងិន ស្រី បានព្យាយាមស្វែងរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធប៉ុន្តែគ្មានដំណោះស្រាយឡើយ រហូតទៅសុំអន្តាគមន៍ពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ថែមទៀត ប៉ុន្តែគេមិនឲ្យចូលជួប ដោយបានត្រឹមតែអង្គុយនៅខាងមុខសាលាខេត្តប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកស្រី ស៊ីណែត បានធ្វើការអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោកអភិបាលខេត្តពោធិ៍សាត់ដែលទើបឡើងកាន់តំណែងថ្មី សូមជួយពិនិត្យសំណុំរឿងរបស់ប្អូនប្រុសអ្នកស្រីឡើងវិញផង ដោយប្អូនប្រុសអ្នកស្រីគ្រាន់តែជាជនរងគ្រោះប៉ុណ្ណោះ ខណៈម្ចាស់ដីពិតប្រាកដ គេបានលក់ដូរដីនោះដោយគ្មានខុសច្បាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។