ករណីឆ្លងកូវីដ ១៩ នៅវៀតណាមខ្ពស់ដដែល បើទោះបីចាក់វ៉ាក់សាំងបានច្រើនហើយក្តី
មកដល់ថ្ងៃទី ៦ខែធ្នូ វៀតណាមសម្រេចបានការចាក់វ៉ាក់សាំងចំនួន ១២៨លានដូស ហើយបណ្តាខេត្តក្រុងបានបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។
ចំណែកករណីឆ្លងកូវីដ១៩ នៅវៀតណាមវិញ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៥៩១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,១៧៤ករណី។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២២៣នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៣២៣,៦៨៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០១០,៤០៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៦,៤៨៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។