ឯកឧត្តម ជា សុផារ៉ា បញ្ជា​ឲ្យ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តសៀមរាប​

ខេត្តសៀមរាប​៖ កាលពី​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ពិនិត្យ​របាយការណ៍ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តសៀមរាប ។

​តាម​ការស្រាវជ្រាវ​បឋម​របស់​រដ្ឋបាលខេត្ត​សៀមរាប បាន​រកឃើញ​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​តំបន់​៣ ក្នុង​ខេត្តសៀមរាប មាន​ចំនួន ១៨៧​ទីតាំង ស្មើ​ផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុង​ឃុំ​-​សង្កាត់ ចំនួន ៣០ ក្នុង​ក្រុង​-​ស្រុក​ទាំង​៦ ក្នុងនោះ​មាន​៖ ស្រុក​ក្រឡាញ់ ស្រុក​ពួក ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ឯកឧត្តម ទៀ សីហា នៃ​គណៈ​អភិបាលខេត្ត សៀ​បរាប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បានសម្រេច​ដាក់ចេញ​វិធានការ​ចំនួន ១០ ចំណុច​ដូចខាងក្រោម​៖
១. ជូន​រដ្ឋបាលខេត្ត ត្រូវ​ដកហូត​ដី​ដែល​អ្នកមានអំណាច និង​ប្រជាជន​ចូល​ទន្ទ្រាន និង​កាន់កាប់​ទាំងអស់​នៅ​តំបន់​៣ មកវិញ​ជាបន្ទាន់ និង​ត្រូវ​ចេញ​លិខិត​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ បញ្ឈប់​ការពិនិត្យ​បញ្ជា​ក់លើ លិខិត​សុំ​កាន់កាប់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ព្រមទាំង​ចេញ​លិខិត​បដិសេធ លើ​រាល់​លិខិត​ដែល​បានចេញ​រួច​ពី​ពេលមុន​។​
២. ជូន​អាជ្ញាធរ​ទន្លេសាប ធ្វើការ​បោះបង្គោល​ព្រំ​មេ និង​រង​ក្នុង​តំបន់​៣ នៅលើ​ទីតាំង​ណា​មិនទាន់បាន​បោះ ឬ​បង្គោល​ដែល​បាន​បាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​បោះបង្គោល​ព្រំ​ធំ​ក្នុង​តំបន់​ការពារ​ព្រៃ​លិច​ទឹក តាម​អនុក្រឹត្យ ១៩៧ ។​
៣. ជូន​អាជ្ញាធរ​ទន្លេសាប ធ្វើការ​ដំឡើង​ប៉ាណូ បង្ហាញ​ពី​តំបន់​ការពារ​នៅតាម​ចំណុច​សំខាន់ៗ នៅ​ទីតាំង​បង្គោល​ដែល​បាន​បោះ ។​
៤. ជូន​រដ្ឋបាលខេត្ត​ត្រូវ​ទប់ស្កាត់​ប្រជាជន​មិន​ការ​ចូលធ្វើ​ការដាំដុះ​នៅក្នុង​តំបន់​៣​ឡើយ ចាប់ពីពេលនេះ​តទៅ ។​
៥. ជូន​រដ្ឋបាលខេត្ត​ត្រូវ​បន្ត​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ប្រជាជន​ខុសច្បាប​ដែល​ចូល​ទន្ទ្រាន និង​កាន់កាប់​ដី​តំបន់​៣ ខុសច្បាប់ ។​
៦. ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើការ​ប្រមូល​ផល​ស្រូវ​សិន ក្នុងករណី​ដែល​ស្រូវ​ជិត​ប្រមូល​ផល ។
៧. ជូន​ព្រះរាជអាជ្ញា​យកចិត្តទុកដាក់​ដោះស្រាយ​ពាក្យបណ្តឹង ដែល​មន្ត្រី​នគ​បាល​បាន​កសាង​និង​ដាក់​សំណុំរឿង​រួចរាល់​។​
៨. ប្រគល់ជូន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​លើ​សំណើ​ចុះបញ្ជី​ដី​រដ្ឋ​ក្នុង​តំបន់​៣ ជាបន្ទាន់ ។​
៩. ជូន​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ក្រសួងបរិស្ថាន ចាត់ចែង​ធ្វើ​ការដាំដុះ​ព្រៃ​លិច​ទឹកជា​បន្ទាន់ ជាពិសេស​ដើម​ប្ញ​ស្សី​។​
១០. រដ្ឋបាលខេត្ត ត្រូវធ្វើ​ការប្រជុំ​បូកសរុប​វាយតម្លៃ​ពី​សកម្មភាព​ការការពារ និង​ទប់ស្កាត់​បទល្មើស​ការទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឺ​ក​ក្នុង​តំបន់​៣ ជាប្រចាំ​ខែ ជា​រៀងរាល់​បី​ខែម្តង និង​ប្រចាំឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close