វិបត្តិកូវីដ-១៩ នៅវៀតណាម បំផ្លាញសេដ្ឋកិច្ចអស់ ៣៧ប៊ីលានដុល្លារ
ហាណូយ៖ អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមរបស់វៀតណាមលោក Nguyen Thanh Phong បានបញ្ជាក់ក្នុងវេទិកាមួយស្តីពីផែនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថា បើគ្មានការរាតត្បាតជំងឹនេះទេ សេដ្ឋកិច្ចវៀតណាមនឹងបានកើនឡើង ៧ភាគរយ។
ទន្ទឹមនេះ អត្រាកំណើនសេដ្ឋកិច្ចបានកើនឡើងតែ ២,៩១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២០ ហើយត្រូវបានរំពឹងថា នឹងកើនឡើង ២,៥ភាគរយនៅឆ្នាំ២០២១ ដោយ លោកបាននិយាយថា ការខាតបង់សេដ្ឋកិច្ចនេះមានទំហំទឹកប្រាក់ស្មើនឹងចំនួន ៨៤៧ទ្រីលានដុង ឬស្មើនឹង ៣៧ប៊ីលានដុល្លារ បើគិតតាមតម្លៃទីផ្សារបច្ចុប្បន្ន។
លោក Phong ជឿជាក់ថា វាចាំបាច់ដែលត្រូវមានកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញមួយ សម្រាប់ធ្វើជាវិធានការកាត់បន្ថយការខាតបង់ ដែលកញ្ចប់ស្តារសេដ្ឋកិច្ចនេះមានកម្លាំងចលករសំខាន់ៗចំនួន៤ ដូចជាការវិនិយោគ ការនាំចេញ ការប្រើប្រាស់ក្នុងស្រុក និងការផ្លាស់ប្តូរទៅជាឌីជីថល។
ជាមួយគ្នានេះ ប្រធានគណៈកម្មការសេដ្ឋកិច្ចរបស់សភាជាតិវៀតណាមលោក Vu Hong Thanh បានយល់ស្របថា កញ្ចប់ស្តារសេដ្ឋកិច្ចរួម ត្រូវផ្តោតលើការជំរុញ ការផ្គត់ផ្គង់ និងតម្រូវការ ដែលបានថមថយដោយសារជំងឺកូវីដ១៩។ លោក Thanh បន្តថា កញ្ចប់នេះក៏ត្រូវអនុវត្តភ្លាមៗ និងត្រូវបានសម្របសម្រួលឱ្យមានភាពស៊ីចង្វាក់គ្នាផងដែរ។ កញ្ចប់នេះត្រូវតែជាកញ្ចប់ដែលធំគ្រប់គ្រាន់ និងផ្តោតលើឧស្សាហកម្ម និងវិស័យនានាដែលអាចស្តារឡើងវិញបានឆាប់រហ័សប្រកបដោយវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។