ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងឡាយណាដែលមិនទាន់ចុះបញ្ជី

(ភ្នំពេញ) ៖ ក្រសួងពាណិជ្ជកម្មប្រកាសបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធជាបន្តទៀតបន្ទាប់ពីមានម្ចាស់អាជីវកម្មជាច្រើនបន្តដាក់ពាក្យស្នើសុំ ខណៈក្រសួងនឹងចាប់ផ្ដើមផាកពិន័យលើសាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនមានការអនុញ្ញាត។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មឱ្យដឹងថាខ្លួននៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តទៀតដោយនីតិបុគ្គលសាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ «តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន»។ ការផាកពិន័យនេះត្រូវបានលើកលែងចំពោះនីតិបុគ្គលសាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តិការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងបានបញ្ជាក់បន្ថែមថា ចំពោះរូបវន្តបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួលបានលិខិតអនុញ្ញាតអាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ។

ក្រសួងថា៖ «សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុន បរទេសទាំងអស់ ជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ តាមនីតិវិធីជាប្រក្រតី»។

ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះគឺបន្ទាប់ ពីផុតឱសាននវាទចុងក្រោយនៃថ្ងៃលើកលែងពិន័យលើការចុះបញ្ជីពាណិជុ្ជកម្មអេឡិចត្រូវនិចនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២រួចមក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close