លោកត្រាំចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ២០២០

នៅពេលនេះបណ្តា បេក្ខភាពប្រធានាធិបតីអាមេរិកបានចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត ឆ្នាំ​២០២០ ។

នៅពេលនេះបណ្តា បេក្ខភាពប្រធានាធិបតីអាមេរិកបានចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត ឆ្នាំ​២០២០ ។ ប្រធានាធិបតីដូណាលត្រាំបង្ហាញពីក្តីសង្ឃឹម ថានឹងបន្តទទួលបានការគាំទ្រខ្ពស់ដឹកនាំអាមេរិក មួយអាណត្តិទៀត។
កាលពីថ្ងៃទី១៨ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ក្នុងអាណត្តិទីពីរ ដែលធ្វើឡើង នៅពហុកីឡដ្ឋាន ទីក្រុង Orlando រដ្ឋ Florida ដោយមានពលរដ្ឋ ប្រមាណ២ម៉ឺននាក់ចូលរួម។
មានប្រសាសន៍ទៅកាន់មហាជន ប្រធានាធិបតីអាមេរិក បច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងបន្តគោលនយោបាយ ធ្វើឲ្យអាមេរិកខ្លាំងជាងនេះ។ ជាមួយគ្នានោះដែរ លោកត្រាំ បានរិះគន់ដល់សហគមន៍អឺរ៉ុប ដែលមានសកម្មភាពធ្វើឲ្យនយោបាយពាណិជ្ជកម្ម មិនមានតម្លាភាពជាមួយអាមេរិក។ ដោយឡែកចំពោះបញ្ហាជនភៀសខ្លួន លោក ត្រាំ បានប្រកាសថា លោកនឹងបណ្តេញជនភៀសខ្លួនរាប់លាននាក់ដែលរស់នៅ ដោយខុសច្បាប់ នៅក្នុងទឹកដីអាមេរិក ឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ របស់លោក ត្រាំ អាចប្រឈមនឹងបញ្ហាជាច្រើន ដោយសារប្រជាពលរដ្ឋអាមេរិក មួយចំនួនធំ បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយដឹកនាំរបស់លោក ដែលមិនបានធ្វើឲ្យអាមេរិកខ្លាំង «Keep America Great» បែរជាធ្វើឲ្យអាមេរិកទន់ខ្យោយ និងបាត់បង់ប្រជាប្រិយភាព នៅលើឆាកអន្តរជាតិទៅវិញ។
បើតាមលទ្ធផល នៃការស្ទង់មតិ នាពេលកន្លងមក បានបង្ហាញឲ្យឃើញថា ចំនួន នៃអ្នកគាំទ្រមកលើលោក ដូណាល់ ត្រាំ បានចុះជាងបេក្ខភាពនានា មកពីគណបក្សប្រជាធិបតេយ្យ ជាពិសេស បេក្ខភាពលោក Joe Biden ជាអតីតអនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាលរបស់អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា។ លោក Joe Biden ត្រូវបានគេសង្ឃឹមថា លោកអាចនឹងទទួលបានជ័យជម្នះលើលោកត្រំា នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close