នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ចុងសប្តាហ៍នេះ
តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីក្រុងបាងកក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៩ មិថុនា នេះ បានឲ្យដឹងថា ប្រតិភូដែលនឹងអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ,លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ”។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នឹងត្រូវធ្វើក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នឹងផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។ កិច្ចប្រជុំកំពូលក៏នឹងរិះរកមធ្យោបាយនានាក្នុងការធ្វើឲ្យអាស៊ានឈានទៅកាន់កម្រឹតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។
ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន រួមមាន ៖ កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន ,កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៩របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២៣របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលកិច្ចប្រជុំទាំងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ ២០១៩។
បន្ថែមពីនេះ ក្រសួងរំពឹងទុកថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នឹងឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូរបស់អាស៊ានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។