ប្រជាពលរដ្ឋមានដីបង្កបង្កើនផលនៅក្នុងតំបន់ហាមឃាត់ក្នុងតំបន់៣ រិះគន់អាជ្ញាធរថាមានភាពលម្អៀងទៅរកអ្នកមានលុយ
តាមការឲ្យដឹងពីប្រជាពលរដ្ឋដែលមានដីស្រែសម្រាប់បង្កបង្កើនផលនៅក្នុងតំបន់៣ (តំបន់ហាមឃាត់ដែលមានអនុក្រិត្យ) ក្នុងភូមិសាស្រ្តគោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង បានសម្តែងការមិនពេញចិត្តទៅនិងទង្វើរបស់អាជ្ញាធរស្រុកខេត្តថា មានភាពលម្អៀង ដោយដៃមួយហាមឃាត់ ដៃមួយអនុញ្ញាតិអោយបុគ្គលមានអំណាចម្នាក់យកគ្រឿងចក្រភ្ជួររ៉ាស់ដីស្រែដែលច្បាប់ហាមឃាត់ចូលទៅឈូសឆាយដីស្រែយ៉ាងអណាធិបតេយ្យ ដោយមិនត្រូវបានមន្ត្រីជលផលឬអាជ្ញាធរស្រុកខេត្តមានវិធានការទប់ស្កាត់ឡើយ។
ប្រជាពលរដ្ឋដែលមានដីស្រែបន្តិចបន្តួចនៅក្នុងតំបន់៣បានឲ្យដឹងថា បើពួកគាត់ហ៊ានតែភ្ជួរដីស្រែរបស់ខ្លួន ច្បាស់ជាអាជ្ញាធរស្រុកខេត្តចុះមកហាមឃាត់ និងចាប់យកសម្ភារះរបស់ពួកគាត់មិនខាន តែបើក្រុមគ្នីគ្នាគាត់យកគ្រឿងចក្រចូលទៅធ្វើការឈូសឆាយឬភ្ជួរដីនៅតំបន់នោះ អាជ្ញាធរស្រុកខេត្តធ្វើមិនដឹងមិនលឺនិងថែមទាំងចេញលិខិតអនុញ្ញាតិអោយលោកស៊ុម សុជាតិ ធ្វើការភ្ជួរដីស្រែនៅក្នុងតំបន់ហាមឃាត់ទៀតផង។
ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគាត់បានមករស់នៅតំបន់គោកព្រះតាំងពីឆ្នាំ១៩៨៧មកម្លេះ សម័យសហរកម្ម ដែលបានសម្តែងការខកចិត្តនិងអាជ្ញាស្រុកខេត្តនិងមន្ត្រីជំនាញបានធ្វើការរិះគន់ទៅនិងទង្វើមិនស្មើភាពគ្នារបស់អាជ្ញាធរស្រុកនិងខេត្តថាបក្សពួកនិយម។
ប្រជាពលរដ្ឋដែលមានដីបានឲ្យដឹងថា នៅក្នុងឆ្នាំ២០០៨មានក្រុមហ៊ុនមួយបានចុះមកសិក្សា និងទិញដីចំនួនជាង៥ពាន់ហិចតាដែលទិញពីប្រជាពលរដ្ឋត្រឹមត្រូវនៅក្នុងឆ្នាំ២០០៨ និង២០០៩បានឲ្យដឹងថា បើអាជ្ញាធរស្រុកខេត្តផ្អាកការភ្ជួរដីស្រែគួរតែធ្វើការផ្អាកទាំងអស់គ្នាមិនគួរណាផ្អាកតែប្រជាពលរដ្ឋ រួចហើយបើកដៃអោយលោក ស៊ុម សុជាតិដែលមានអំណាចជាស្នងការរងខេត្តធ្វើសកម្មភាពភ្ជួររបៀបនេះដល់សព្វថ្ងៃទេ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ខាងភាគីក្រុមហ៊ុនបានប្រមូលទិញដីពីប្រជាពលរដ្ឋ និងមន្ត្រីចូលនិវត្តន៏ដែលអាជ្ញាចែកជូនពួកគាត់នៅឆ្នាំ២០០៨លើទំហំជាង៥ពាន់ហិកតាដែលស្ថិតនៅ៤ភូមិគឺ ១ភូមិកង្កែប ២ភូមិកណ្តាល ៣ភូមិឯលិច ៤និងភូមិធ្លកដែលស្តិតនៅក្នុងឃុំច្រណូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងសំរាប់បង្កបង្កើនផល។
នៅឆ្នាំ២០០៨និងឆ្នាំ២០០៩ដើមឆ្នាំ២០១០ដីតំបន់នោះត្រូវបានរាជរដ្ឋាភិបាលដាក់ចូលក្នុងតំបន់៣តំបន់ហាមឃាត់មិនអាចធ្វើការប៉ះពាល់គ្រប់គ្រងបានទេ។ ក្រោយមកទៀតនៅឆ្នាំ២០១៣ខាងភាគីក្រុមហ៊ុនបានធ្វើស្រែលើដីប្រមូលទិញជាង៣០០ហិកតាតែត្រូវបានអាជ្ញាធរខេត្តចុះហាមឃាត់ និងផ្អាកសកម្មភាពធ្វើការជីកប្រឡាយ ព្រោះដីនេះត្រូវបានដាក់ចូលជាតំបន់៣ប្រសិនបើខាងក្រុមហ៊ុនណាចង់ធ្វើការបន្តទៀតត្រូវតែមានច្បាប់លើកលែងតែមានគោលការណ៏ពីរាជរដ្ឋាភិបាល។
នៅដើមឆ្នាំ២០១៤ក្រុមហ៊ុនក៏ព្រមធ្វើកិច្ចសន្យាឈប់ផ្អាករងចាំគោលការណ៏ពីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរហូតមកដល់សព្វថ្ងៃនេះនៅតែមិនទាន់បានគោលការណ៏នៅឡើយ។
ដោយឡែកសព្វថ្ងៃនេះបែរជាមានក្រុមឈ្មួញឯកជន និងអ្នកមានអំណាចមួយចំនួនបានឃុបឃិតគ្នាលួចទិញនិងលក់លើផ្ទៃដីរបស់ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់៣យ៉ាងអាណាធិបតេយ្យ និងធ្វើសកម្មភាពភ្ជួរនិងឈូសឆាយជាដើមនៅក្នុងតំបន់ហាមឃាត់(តំបន់៣) ដោយមិនមានអាជ្ញាធរ ឬមន្ត្រីជំនាញណាទប់ស្កាត់ និងហាមឃាត់ឡើយ។ ប្រជាពលរដ្ឋចង់សួរថា តើច្បាប់ពីណាគេអនុញ្ញាត្តិអោយភ្ជួរក្នុងតំបន់៣ហាមឃាត់នោះ?
ពាក់ព័ន្ធនិងការភ្ជួរដីនៅក្នុងតំបន់នេះ ខ្មែរ៧មករា មិនសុំការបំភ្លឺពីលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឡើយនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល។ ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ។
ចំណែកលោក លី ឡា នាយខណ្ឌរដ្ធបាលជលផលកំពង់ឆ្នាំងបានប្រាប់តាមទូរសព្ឌ័ថា ដីស្រែដែលលោក ស៊ុំ សុជាតិ កំពុងភ្ជួរសព្វថ្ងៃនេះ គឺខាងខេត្តជាអ្នកអនុញ្ញាតិឲ្យធ្វើការភ្ជួររ៉ាស់តែនៅលើដីចាស់តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។