សកម្មភាពរបស់អាមេរិកទៅលើអ៊ីរ៉ង់នាពេលនេះគឺជាការវាយប្រហារភេរវកម្ម
សកម្មភាពរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់នាពេលបច្ចុប្បន្ន នេះត្រូវបានប្រធានាធិបតីអ៊ីរ៉ង់ចោទថាជាអំពើភេរវកម្ម «សេដ្ឋកិច្ច» មកលើប្រទេសអ៊ីរ៉ង់ មុននឹងអាមេរិកប្រើប្រាស់ កម្លាំងយោធា។នៅពេលនេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ បានស្នើដល់បណ្តាប្រទេសជាដៃគូក្នុងនោះមាន ប្រទេសអឺរ៉ុបដេលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ដូចបារាំងជាដើម។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលបានសន្ទនា តាមទូរស័ព្ទជាមួយសមភាគីបារាំង គឺលោកប្រធានាធិបតី Emmanuel Macron កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា បានហៅការដាក់ទណ្ឌកម្មដាក់មកលើទីក្រុងតេអេរ៉ង់របស់សហរដ្ឋអាមេរិកថា ជាអំពើ “ភេរវកម្ម” ហើយបានព្រមានថា “សង្គ្រាមសេដ្ឋកិច្ច” អាចនឹងបន្តកើតមាន ហើយវានឹងប៉ះពាល់ដល់ពិភពលោកទាំងមូល ។
គេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់បានផ្សាយកាលពីរសៀលថ្ងៃទី៦ ខែកក្កដាថា «លោក (Rouhani)ក៏បានពណ៌នាផងដែរ ការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ថា ជាអំពើភេរវកម្ម និងសង្រ្គាមសេដ្ឋកិច្ចយ៉ាងពេញលេញ” ។
មេដឹកនាំអ៊ីរ៉ង់ បានប្រាប់លោក Macronថា ប្រសិនបើសម្ពាធសេដ្ឋកិច្ចរបស់អាមេរិកនៅតែបន្តកើតមាននោះ វានឹងមានផលវិបាកនៅក្នុងតំបន់ និងនៅជុំវិញពិភពលោកទាំងមូល ។លោក Rouhani បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការបន្តសង្គ្រាមសេដ្ឋកិច្ច អាចនាំទៅរកការគំរាមកំហែងផ្សេងៗទៀត នៅក្នុងតំបន់ និងនៅលើពិភពលោក» ។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទនោះផងដែរ លោកប្រធានាធិបតីអ៊ីរ៉ង់ ក៏បានទទូចដល់សហភាពអឺរ៉ុប ឱ្យខិតខំបន្ថែមទៀត ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញជាងមួយឆ្នាំមកហើយ ។
លោក Rouhani បានថ្លែងថា ទោះបីជារងការដាក់ទណ្ឌកម្មរបស់អាមេរិកក៏ដោយ ក៏អ៊ីរ៉ង់នៅតែព្យាយាមរក្សាកិច្ចព្រមព្រៀង JCPOA អស់រយៈពេល១៤ខែ ជាមួយនឹងការអត់ធ្មត់ជាយុទ្ធសាស្ត្រ ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅខែឧសភា ឆ្នាំ២០១៨ថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA)ឆ្នាំ២០១៥ ដោយសារតែអ៊ីរ៉ង់រំលោភបំពានកិច្ចព្រមព្រៀងនេះ ។ មិនយូរប៉ុន្មានបន្ទាប់ពីចាកចេញពី JCPOA, សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ភ្លាម ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។