ស្លាប់និងរបួសជិត៣០នាក់ដោយខ្យល់ព្យុះនៅក្រិក

នៅក្នុងតំបន់​ Halkidiki ​ប្រទេសក្រិច រងការវាយប្រហារដោយព្យុះទ្រង់ទ្រាយធំ មានល្បឿនខ្យល់ខ្លាំង​ បំផ្លាញទ្រព្យសម្បតិនិងអាយុជីវិតមនុស្សជាច្រើន ។តាមរបាយការពីកម្លាំងសន្តិសុខក្រិច ឲ្យដឹងថា មាន មនុស្សយ៉ាងតិច៦នាក់​បានស្លាប់ ២០នាក់​បានរងរបួស ក្នុងហេតុការណ៍ខ្យល់ព្យុះកម្លាំងខ្លាំង​ បក់បោក​​​នៅប្រទេសក្រិក ។
គ្រោះធម្មជាតិនោះ​បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច​៦នាក់ និង២០នាក់រងរបួស​ដោយសារដើមឈើ​ជាច្រើនដើម និងបង្គោលភ្លើងបាក់រលំសង្កត់ ។ ចរន្តអគ្គិសនី​ក្នុងតំបន់​ត្រូវកាត់ផ្តាច់ទាំងស្រុង ខណៈដែលតាមដងផ្លូវនានា​ត្រូវ​ជាប់គាំង​ដោយសារ​ដើមឈើ​បាក់​រលំ​រាំងខ្ទប់ ។
ប៉ូលិស​ និងក្រុមពន្លត់អគ្គិភ័យ​របស់ក្រិក បានថ្លែងថា ជនរងគ្រោះបាត់បង់ជីវិត​បានកើតឡើង​កាលពីរសៀលថ្ងៃពុធ ក្នុងឧបទ្ទវហេតុ៣ដោយឡែកពីគ្នា ។ អំណាចខ្យល់ខ្លាំងបក់បោករថយន្ត​ក្រឡាប់បង្កគ្រោះថ្នាក់ ហើយដំបូលភោជនីយដ្ឋាន​មួយកន្លែងប៉ើង​ខូចខាតបង្កគ្រោះថ្នាក់​ដល់មនុស្ស ។ តំបន់ដែល​រងការវាយប្រហារពីខ្យល់ព្យុះនោះ ជាទីតាំងតំបន់ទេសចរណ៍ដ៏ទាក់ទាញ​នៅរដូវក្តៅ ។
មនុស្សជាង​៣០នាក់​ត្រូវ​បានជួយសង្គ្រោះចេញពីអគារ​ផ្សេងៗ ដែលរងប៉ះពាល់ធ្ងន់ធ្ងរពីអាកាសធាតុអាក្រក់ ។ ក្រុមជួយសង្គ្រោះ​នៅតែបន្តឈរជើង ក្រែងមានករណី​សង្គ្រោះបន្ទាន់ណាមួយត្រូវធ្វើឡើងបន្តទៀតនៅក្នុងតំបន់​ ។
នៅមុននោះ ភាគខាងត្បូង​ប្រទេសក្រិក ជនភៀសខ្លួន៨នាក់ រួមមានកុមារពីរនាក់ផងដែរ បានរងរបួស ដោយសារខ្យល់ខ្លាំងបក់បោកដើមឈើមួយដើម​បាក់រលំលើ​ជំរំ​តង់​​សម្រាប់ជនភៀសខ្លួនស្ថិតនៅក្នុងតំបន់ Inofyta ចម្ងាយប្រហែល​៦០គីឡូម៉ែត្រ​ពីរដ្ឋធានទីក្រិក ។
ប្រទេសក្រិក​បានបង្កើតជំរំ​សម្រាប់ជនភៀសខ្លួន​នៅទូទាំងប្រទេស ក្រោយកិច្ចព្រមព្រៀងឆ្នាំ២០១៦ ដើម្បី​កម្រិត​ការធ្វើដំណើរស្វែងរកសិទ្ធិជ្រកកោន​ទៅកាន់ប្រទេសសហគមន៍អឺរ៉ុបនោះ ។
ខ្យល់បក់ខ្លាំង អមទៅដោយសីតុណ្ហភាព​កម្រិត​៣៧អង្សាសេនេះ ក៏បានជួយបន្ថយ​ដល់​ភ្លើងឆេះព្រៃ​ទ្រង់ទ្រាយធំ៣កន្លែងនៅភាគខាងត្បូងប្រទេសក្រិកផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close