លោក ដូណាលត្រាំ កំពុងតែចាញ់ព្រៀបលើបេក្ខភាព ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ

ជាមួយនឹងនយោបាយមួយចំនួន ពិសេសគឺ នយោបាយស្តីពីជនអន្តោប្រវេស និង​កិច្ចការបរទេស​ ពិសេស គឺនយោបាយ ធ្វើឲ្យអាមេរិកខ្លាំង កំពុងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ​អាមេរិក ។ សកម្មភាពដឹកនាំរបស់លោកត្រាំ នាពេលកន្លងមក​ មិនបានធ្វើឲ្យអាមេរិកខ្លាំងនោះឡើយ ផ្ទុយទៅវិញ​កំពុងតែធ្វើឲ្យអាមេរិកទន់ខ្យោយ ។
នៅពេលការបោះឆ្នោត​ឆ្នាំ​២០២០ កាន់តែខិតជិត ការស្ទង់មតិពលរដ្ឋក៏បានធ្វើឡើងជាបន្តបន្ទាប់ ឃើញថា ប្រធានាធិបតីដូណាលត្រាំ ទទួលបានការគាំទ្រតិចជាងបេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យ ក្នុងនោះមាន អតីតនុប្រធានាធិបតីអាមេរិក Joe Biden ។
តាមលទ្ធផលស្ទង់មតិ​របស់ NBN news និង​ Wall Street Journal ​ដែលបានប្រកាសកាលពីថ្ងៃ ទី​១៤ ខែកក្កដា បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតី​ Joe Biden ​ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ នាំមុខលើប្រធានាធិបតី ដូណាល ត្រាំ​ សម្រាប់ការបោះឆ្នោត នាឆ្នាំ​២០២០។
តាមលទ្ធផលស្ទង់មតិ​បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ​ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាល លោក អូបាម៉ា ទទួលបានការគាំទ្រខ្ពស់ជាង ប្រធានាធិបតី ដូណាល ត្រាំ ដល់ទៅ​៩ភាគរយ​។ តាមលទ្ធផលដែលបានប្រកាសកាលពីថ្ងៃ ទី​១៤ ខែកក្កដា លោក Joe Biden ​ទទួលបានការគាំទ្រ ៥៣ភាគរយ ចំណែក លោក ដូណាល់ ត្រាំ​ ទទួលបានតែ​៤២ភាគរយប៉ុណ្ណោះ​។
ចំពោះពលរដ្ឋអាមេរិក មានដើមកំណើតអាហ្រ្វិក បានគាំទ្រ លោក​ Joe Biden ​ច្រើនជាង ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ​។ ក្រៅពីបេក្ខភាព Joe Biden ​នៅមានបេក្ខភាពផ្សេងទៀតមកពីគណបក្សប្រជាធិបតេយ្យ ក៏ទទួលបានការគាំទ្រនាំមុខ ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ក្នុងនោះមានបេក្ខភាព Vermont Bernie Sanders ទទួលបានការគាំទ្រ ៥០ភាគរយ ចំណែកលោកត្រាំ​មានតែ ៤៣ភាគរយ ។ បេក្ខភាព Elizabeth Warren សមាជិកព្រឹទ្ធសភា​ រដ្ឋ​ Massachussettes ​ក៏ទទួលបានការគាំទ្រ ខ្ពស់ជាងលោក ត្រាំផងដែរ ។
ជាមួយនិងលទ្ធផលគាំទ្រធ្លាក់ចុះនោះ ប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមនឹងឧបស័គជាច្រើនសម្រាប់ការបោះឆ្នោតឆ្នាំ​២០២០​។ ប៉ុន្តែអ្វីគ្រប់យ៉ាង អាចនឹងមានការប្រែប្រួល ដូចការបោះឆ្នោតឆ្នាំ​២០១៦ ដោយរាល់ការស្ទង់មតិនាពេលនោះ បេក្ខភាព លោកស្រី ហ៊ីលឡារី គ្លីនតោន ទទួលបានការគាំទ្រខ្ពស់ ជារៀងរហូតមក ប៉ុន្តែដល់ពេលបោះឆ្នោត បែជាចាញ់លោកត្រាំទៅវិញ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close