ក្រសួងកសិកម្ម ណែនាំ​ពី​ការបង្កើត និង​ពង្រឹង​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្ដីណែនាំ​ពី​ការបង្កើត និង​ពង្រឹង​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ដើម្បី​ងាយ​រក​ទីផ្សារ​លក់​កសិផល​។​

​សេចក្តីណែនាំ​នោះ បាន​បញ្ជាក់ថា កន្លងមក​ក្រសួងកសិកម្ម បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ អង្ករ ត្រី សាច់​សម្រាប់​បំពេញ​សេចក្ដីត្រូវការ​ក្នុងស្រុក និង​បម្រើឱ្យ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅ​ទូទាំង​សកលលោក​។​

​ក្រសួង​បន្តថា ជា​លទ្ធផល ផលិតកម្ម កសិកម្ម​ទាំង​ស្បៀងអាហារ និង​មិនមែន​ស្បៀងអាហារ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​ប្រជាកសិករ​មួយ ចំនួន​កំពុង​ជួប​បញ្ហា​ទីផ្សារ​លក់​ផលិតផល​ទាំងនោះ​។ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ ក្រសួងកសិកម្ម សូម​ធ្វើ​ការណែនាំ​ដល់​នាយក​កម្មវិធី ប្រធាន​អង្គភាព​ក្រោម ឱវាទ​ក្រសួង និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ខេត្ត ឱ្យ​អនុវត្ត​ជាបន្ទាន់​នូវ​វិធានការ​ចាំបាច់​មួយ ចំនួន​បន្ថែមទៀត​ដូចខាងក្រោម​៖

១៖ ត្រូវ​រៀបចំ​បង្កើត​បន្ថែម​នូវ​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឱ្យបាន​កាន់ តែ​ច្រើនឡើង​ថែមទៀត ក្នុងន័យ​បង្កើនបាន​ពេញលេញ នូវ​សមត្ថភាព​ផ្គត់ផ្គង់ ជាពិសេស​បង្កើន​នូវ​សមត្ថភាព​ចរចា​ថ្លៃ ជាមួយ​អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម ដែល​វិធានការ​នេះ​នឹង​លើកទឹកចិត្ត​ប្រជាកសិករ ឱ្យធ្វើ​ការដាំដុះ​ដំណាំ​ស្បៀង ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​កាន់តែ​សកម្ម និង​មិនមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ទីផ្សារ​។​

២៖ ត្រូវខិតខំ​បន្តទៀត​នូវ​ផែន​ការផលិត របស់​ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍ កសិកម្ម​ឱ្យ​ផលិត​ស្របទៅតាម​តម្រូវការ និង​ពេលវេលា​ដែល​ត្រូវ​ចុះ ទៅ​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន ឬ​អ្នកប្រមូល​ទិញ ផលិតផល​កសិកម្ម ដែល​អាច​ជៀសវាង​បាន​នូវ​ការផលិត​ជន់​ជោរ និង​មិនមាន​ទីផ្សារ​ច្បាស់លាស់​។​

៣៖ ត្រូវ​សហការ​ឱ្យបាន​ល្អប្រសើរ​ជាមួយ គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បង្កើត និង​អនុវត្ត​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា​រវាង​ក្រុម​បណ្ដុះ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម សំដៅ​ផ្គត់ផ្គង់​ស្បៀងអាហារ អង្ករ ត្រី សាច់ ប្រកបដោយ​ភាពជឿជាក់ និង​មាន​ប្រសិទ្ធភាព​។​

៤៖ ត្រូវ​រៀបចំ​បង្កើត​ផ្សារ​កសិករ ឬ​ទីតាំង​សមស្រប​ណាមួយ ដែល​អាចឱ្យ​កសិករ​យក​ផលិតផល​សុវត្ថិភាព មក​តាំង​លក់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ ធានាបាន​នូវ​ការផ្គត់ផ្គង់ និង​រក្សាបាន​តុល្យភាព​តម្លៃ​ទីផ្សារ​។​

៥៖ ត្រូវ​ពិចារណា​ធ្វើ​ហិរញ្ញប្បទាន និង​បណ្ដុះបណ្ដាល ណែនាំ​ផ្សព្វផ្សាយ​បច្ចេកទេស ឱ្យបាន​សកម្ម​ដល់​ក្រុម​ប​ណ្ដុ អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស និង​ការគ្រប់គ្រង​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់​។​

៦៖ ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​សម្រួល​ដល់ ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឱ្យទទួល​បាន​ឥណទាន​មាន​អត្រា​ការប្រាក់​ទាប សមរម្យ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ប្រើប្រាស់​អគ្គិសនី ក្នុង​វិស័យ​កសិកម្ម​ប្រកបដោយ​ភាពអនុគ្រោះ​។​

៧៖ រដ្ឋបាល​ជលផល​ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ នូវ​សំណើសុំ​នាំចូល​ផល ផលិតផល​ជលផល​ពី​បរទេស ដោយ​មិនត្រូវ​អនុញ្ញាតឱ្យ​នាំចូល​នូវ​ផល ផលិតផល​ជលផល ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​ផល​ផលិតផល​វារីវប្បកម្ម​ក្នុងស្រុក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close