កសិដ្ឋានចិញ្ចឹមគោក្នុងស្រុកមួយ អាចផលិតទឹកដោះបាន ១ម៉ឺនលីត្រ/១ថ្ងៃ
ខេត្តតាកែវ៖ នាពរឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម ថាន់ សុខា អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះគីរីសួ (Kirisu Farm, Modern Dairy in Cambodia) ជារបស់ក្រុមហ៊ុនក្នុងស្រុក Khmer Fresh Milk Co., Ltd មានទីតាំងនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
លោក គួច សុលី ជានាយកចាត់ការទូទៅ បានឲ្យដឹងថា គំនិតផ្តួចផ្តើមដំបូងនៃការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ គឺក្នុងខណ:ដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញទៅបំពេញបេសកកម្មជាផ្លូវការនៅប្រទេសអីស្រាអែលក្នុងខែសីហា ឆ្នាំ២០១៥។
លោក បានអះអាងថា នេះគឺជាកសិដ្ឋានចិញ្ចឹមគោទឹកដោះទំនើបទាន់សម័យ ធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា ដែលប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម ការដាំស្មៅជាចំណីលើផ្ទៃដី ២០០ហត រចនាសម្ព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹក (២២ ០០០ម៉ឺនម៉ែត្រគូប)។ល។
បច្ចុប្បន្ន គោចំនួន ៥៦០ក្បាល ត្រូវបាននាំចូលក្នុងនោះគោចំនួន ៣០០ក្បាលចាប់ផ្តើមផ្តល់ទឹកដោះបាន ២០លីត្រ/ថ្ងៃ ជាមធ្យមកសិដ្ឋានផលិតទឹកដោះបាន ៦ ០០០ល/ថ្ងៃ។
នៅបំណាច់ឆ្នាំនេះ សង្ឃឹមថាគោទាំង ៥៦០ក្បាល នឹងផ្តល់ទឹកដោះបានគ្រប់ៗក្បាល ដល់ពេលនោះកសិដ្ឋានអាចផលិតទឹកដោះបានចំនួន ១០ ០០០ល/១ថ្ងៃ។ ចំពោះចំណី (ស្មៅ និងពោត) ដាំខ្លួនឯង ដោយឡែកសណ្តែកសៀង និងកាកស្រាបៀប្រមូលទិញក្នុងស្រុក។ ចំពោះសុខភាពសត្វ រាល់សត្វនីមួយៗ ត្រូវបានបំពាក់ដោយសេនស័រ និងលេខកូដនៅជើង ហើយភ្ជាប់ទៅប្រព័ន្ធត្រួត ពិនិត្យសុខភាព ក្នុងករណីគោណាមួយមានបញ្ហាសុខភាពវានឹងបង្ហាញប្រាប់ ជាបន្ទាន់គេនឹងចាត់ វិធានការត្រួតពិនិត្យតាមលក្ខណ:បច្ចេកទេសច្បាស់លាស់មួយបានទាន់ពេល និងមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។