រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពេញចិត្ត​ចំពោះ​សហគមន៍​កសិកម្ម​សំរោង​មានជ័យ សម្រាប់​ការអនុវត្ត​នូវ​បណ្តុំ​អាជីវកម្ម​កសិកម្ម​

​ខេត្តសៀមរាប​៖ ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​កសិករ​សហគម​ន៍​កសិកម្ម​សំរោង​មានជ័យ ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​សម្តែង​នូវ​ការពេញចិត្ត និង​អបអរសាទរ​ចំពោះ​សហគមន៍​កសិកម្ម​សំរោង​មានជ័យ ដែល​កសិដ្ឋាន​នេះ​ទទួលបាន​ជោគជ័យ​ទាំង​ដំណាំ​បន្លែ , ការចិញ្ចឹម​មាន់ និង ការចិញ្ចឹម​ត្រី​ជា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ប្រាក់ចំណូល និង សមត្ថភាព​នៃ​ការផលិត និង​ការចែករំលែក​បទពិសោធ​ន៍ ដែល​សមិទ្ធផល​នាពេលនេះ គឺ​ពិតណាស់​ស្របទៅនឹង​ឆន្ទ​: និង​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ចង់បាន ចង់ឃើញ​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​សម្បូរ​សប្បាយ រស់នៅ​ជួបជុំ​គ្រួសារ សុខក្សេមក្សាន្ត មាន​សុភមង្គល ក្រោម​ម្លប់​សុខសន្តិភាព ហើយ​រួមគ្នា​ខិតខំ​បន្តទៀត​ដើម្បី​ដើរ​ឆ្ពោះទៅរក​គោលដៅ​នា​ឆ្នាំ​២០៣០ និង​២០៥០​។​

​ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍​បន្ថែមថា សមិទ្ធផល​ទាំងអស់នេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​រប​ស់រាជ​រដ្ឋាភិបាល តាមរយ​:​ក្រសួង និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍ អ្នកអនុវត្ត​គម្រោង រួមផ្សំ​ជាមួយ​ការយកចិត្តទុកដាក់​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ​របស់​កសិករ​យើង​ផងដែរ ដូច្នេះ​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ សំណូមពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត លើ​ការងារ​បង្កបង្កើនផល ធ្វើយ៉ាងណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើក​កំពស់​សមត្ថភាព​កែច្នៃ​វេច​ខ្ចប់ ដើម្បី​ធ្វើការ​ប្រកួតប្រជែង ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ កំណើន​ចំណូល​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​កាត់បន្ថយ​ការនាំ​ចូល ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​ជួយ​ធ្វើការ​បណ្តុះបណ្តាល​បច្ចេក​ទេស​បន្ថែម​លើ​ការ​អនុវត្តតាម​ការធ្វើ​កសិកម្ម​ល្អ (GAP) ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធ្វើយ៉ាងណា​បង្កើន​ការជឿទុកចិត្ត​ពី​អតិថិជន តាមរយ​:​គុណភាព សុវត្ថិភាព​នៃ​ផលិតផល និង​បង្កើន​តម្លៃបន្ថែម ហើយក៏​គួរ​ពង្រឹង​បច្ចេកទេស​វេច​ខ្ចប់ និង​ផ្តល់​ស្លាក​សញ្ញា​សម្គាល់​ច្បាស់លាស់​ចៀសវាង​ការបន្លំ​គុណភាព ។​

​សូមបញ្ជាក់ថា សហគមន៍​កសិកម្ម​សំរោង​មានជ័យ​នេះ បាន​នឹង​កំពុង​អនុវត្ត​នូវ​បណ្តុំ​អាជីវកម្ម​កសិកម្ម ដែល​គាំទ្រ​ដោយ​កម្មវិធី ASPIRE ស្ថិតនៅ​ភូមិ​សំរោង​ត្បូង ឃុំ​សំរោង ស្រុក​សូទ្រនិគម ក្នុងនោះ​កសិករ​ឈ្មោះ ឈាវ ហុង ជា​កសិករ​គំរូ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ទូទាំងប្រទេស​ផ្នែក​ដំណាំ​បន្លែ មាន​ផ្ទៃដី​ចំនួន​៧,៦០​ហិកតា បាន​នឹង​កំពុង​ដាំ​ដុះ​បន្លែ​ជា​៥​ផ្នែក ដូចជា ៖ ១. ដំណាំ​បន្លែ​យក​ស្លឹក យក​ផ្លែ , ២. ដាំ​ក្នុងផ្ទះ​សំណាញ់ , ៣. ដាំ​ផ្សិត , ៤. រោង​ជី​កំ​ប៉ុស្តិ៍ និង ៥. ការចិញ្ចឹម​ត្រី និង ចិញ្ចឹម​មាន់ ។​

​ខេត្តសៀមរាប មាន​សហគមន៍​កសិក​ម្ម​ដែល​បាន​ចុះបញ្ជី​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប មាន​ចំនួន​៥៥ ដែល​កំពុង​ប្រកប​របរ​ចម្រុះ គឺ ផលិតកម្ម​ស្រូវពូជ , ស្រូវ​ចំណី , ដាំ​ដំណាំ​បន្លែ , ចិញ្ចឹមសត្វ , វារីវប្បកម្ម និង​សេវាកម្ម​ផ្សេងៗ ហើយ​បាន​បង្កើតជា​សហភាព​ស​ហគ​មន៍​កសិកម្ម​បាន​ចំនួន​២ ដែលមាន​សហគម​ន៍ក​សិ​កម្ម​ចូល​ជា​សមាជិក​សហភាព​ចំនួន​២៨​សហគមន៍ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close