ឯកឧត្តម វេង សាខុន ចុះពិនិត្យស្រះចិញ្ចឹមត្រីរបស់កសិករ ជាលក្ខណគ្រួសារ នៅស្រុកលើកដែក
ខេត្តកណ្តាល៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅព្រឹក ថ្ងៃទី៧ កញ្ញានេះ បានអញ្ជើញចុះពិនិត្យស្រះចិញ្ចឹមត្រីឆ្តោរបស់កសិករជាលក្ខណគ្រួសារ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
សូមជម្រាបថា លោក លឹម ម៉េង ជាកសិករចិញ្ចឹមត្រីឆ្តោ ត្រីពោ ឆ្ពិន កាហែ ព្រួល ត្រីរៀល។ល។ ជាលក្ខណៈគ្រសារតាំងពីឆ្នាំ២០១៧ លើផ្ទៃដី១២ហ.ត ក្នុងស្រះចិញ្ចឹមធំៗចំនួន៣ ហើយក្នុង១ឆ្នាំ លោកអាចរកចំណូលបានជាង ៣ម៉ឺនដុល្លារ។ ដោយឡែកឆ្នាំទី១ និងទី២ ដោយសារខ្វះបទពិសោធន៍ និងដើមទុន ធ្វើឲ្យការចិញ្ចឹមត្រីរបស់គាត់គ្មានចំណូល។
នេះបើតាមម្ចាស់កសិដ្ឋានរូបនេះ បានលើកឡើងថា បច្ចុប្បន្ន ដោយសារចំណូលខ្ពស់កសិកររូបនេះ ទិញដីពង្រីកបន្ថែម ហើយថា នឹងពង្រីកផលិតកម្មចិញ្ចឹមឲ្យបានច្រើនស្របតាមសេចក្តីត្រូវការរបស់ទីផ្សារ។ បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការធ្លាក់ចុះបន្តិច ប៉ុន្តែអាចទទួលយកបាន រឿងដែលសំខាន់ គឺទុនវិនិយោគដែលខ្ចីពីធនាគារ ឬមីក្រូ ហិរញ្ញវត្ថុឯកជន មានការប្រាក់ខ្ពស់ពេក ពួកគាត់ទាំងពីរនាក់ សង្ឃឹម និងជឿជាក់អនាគតដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺឆ្លងត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំងទីផ្សារ និងតម្លៃនឹងបានល្អប្រសើរជាបន្តបន្ទាប់ឡើងវិញ។
ក្នុងដំណើរនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត ដើម្បីកាត់បន្ថយការនាំចូល។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។
ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ជំរុញបន្ថែមការងារបច្ចេកទេស ផលិតចំណី បង្កាត់ពូជ និងទីផ្សារ។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងគួរពង្រីកផលិតកម្មលើផ្ទៃដីដែលមានស្រាប់។ មន្ទីរគួរ រៀបចំគោលនយោបាយពង្រីកផលិតកម្មបន្លែ និងចិញ្ចឹមត្រីដើម្បីប្រែក្លាយខេត្តកណ្តាលជាប្រភព ផ្គត់ផ្គង់ស្បៀង (បន្លែ និងត្រី) ដោយនិរន្តរភាពសម្រាប់រាជធានីភ្នំពេញនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។