តោះ​! មក​ដឹង​ពី​ប្រវត្តិ “​ប្រាសាទ​កោះ​កេរ​”

​ប្រាសាទ​កោះ​កេរ ស្ថិតនៅ​ទិសឦសាន​ច​មា្ង​យ​ប្រហែល​៧០​គីឡូម៉ែត្រ​ពី​ទីក្រុង​អង្គរ ។ នៅ​ទីនោះ ស្ថាបត្យករ​ខ្មែរ​បាន​កសាង​ប្រាសាទ​ជាច្រើន​ដូចជា​៖ ក្រុម​ប្រាសាទ​កោះ​កេរ​, ប្រាសាទនាងខ្មៅ​, ប្រាសាទធំ​, ប្រាសាទក្រចាប់​, ប្រាសាទ​បាក់​…​។ ប្រាសាទ​ទាំងអស់នេះ​ស្ថិតនៅក្នុង​សតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ (៩២១-៩៤១) នៃ​គ្រិស្តសករាជ ។​

​ក្នុងសម័យ​កោះ​កេរ​នេះ គេ​សង្កេតឃើញ​មាន​រូបធាតុ​ឥដ្ឋ​ជា​សម្ភារៈ​សំខាន់បំផុត នៅក្នុង​ផ្នែក​ស្ថាបត្យកម្ម​ដែលមាន​សន្ទុះ​វិវត្តន៍ និង​រីកចម្រើន​ជឿនលឿន​ទៅមុខ ដោយបាន​ស្ថាបនា​ជា​ប្រាសាទ​ទាំងឡាយ​មាន​ទំហំ​ធំៗ តួយ៉ាង​ដូចជា​ប្រាសាទភ្នំ​កោះ​កេរ​ជាដើម ។ ប្រាសាទ​នេះ ស្ថិតនៅលើ​កំពូលភ្នំ ដែលមាន​កាំជណ្តើរ​តែមួយគត់​សម្រាប់​ចេញ​-​ចូល ហើយ​បែរមុខ​ទៅ​ទិសខាងកើត ដែលជា​និមិត្តរូប​នៃ​ការចាប់​កំណើត​មានជីវិត​រស់​រវើក ។​

​បើសិនជា​គេ​ពិនិត្យ​ទៅលើ​ប្រាង្គ​ប្រាសាទ​កោះ​កេរ​នោះ គឺមាន​លក្ខណៈ​ធំៗ​និង​ខ្ពស់ៗ ដែលមាន​ខឿន​សង់​អំពី​ថ្មបាយក្រៀម​តម្រៀប​គ្នា​ជា​៧​ជាន់ ។ នៅលើ​ភ្នំ​នេះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ បាន​តម្កល់​សិវៈលិង្គ​ដែលមាន​ទំហំ​ធំ មាន​កម្ពស់​៣​ម៉ែត្រ ។​
​ចំណែកឯ ប្រាសាទធំ​វិញ មាន​ខឿន​៧​ថ្នាក់ និង​កម្ពស់​៣៥​ម៉ែត្រ ដែល​បាន​កសាងឡើង​ក្នុង​ឆ្នាំ​៩៣១ នៃ​គ្រិស្តសករាជ ក៏បាន​តម្កល់​ព្រះ​សិវៈលិង្គ​មួយ​ឈ្មោះ “​ត្រិ​ភូ​វ​នេ​ស្វរៈ​” ផងដែរ​។ រីឯ​ដំបូល​នៃ​ប្រាង្គ​ប្រាសាទ​នេះ​វិញ បាន​ស្ថាបនា​ឡើង​អំពី​សម្ភារៈ​ឈើ ឬ​សម្ភារៈ​ស្រាលៗ​ដែល​អាច​ឆាប់​ពុកផុយ​បាន​យ៉ាង​ឆាប់រហ័ស​។

​នៅលើ​កំពូលភ្នំ​ប្រាសាទ​កោះ​កេរ​នេះដែរ​ក៏មាន​បន្ទប់​វែងៗ​ជាច្រើន​ទៀត​។ រីឯ​ចម្លាក់​ផ្តែរ​ទ្វារ​វិញ បុព្វ​ស្ថាបត្យករ​ខ្មែរ​ឆ្លាក់​ជា​កម្រង​មែកឈើ​កោង​ខ្លាំង​ចុះមក​ត្រង់ កណ្តាល ដែលមាន​ទម្ងន់​នៃ​ក្បាច់ក្បូរ​ទាញ​ចុះមក​ក្រោម ហើយ​មាន​អាទិទេព​ជិះ​យានជំនិះ​ផ្សេងៗ និង​មាន​រូបចម្លាក់​ដទៃទៀត ដែល​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​អាទិទេព​។ ចំពោះ​សសរ​ពេជ្រ​វិញ​មាន​លក្ខណៈ​ជា​៨​ជ្រុង​។ ក្នុង​ជ្រុង​នីមួយៗ​មាន​ក្បាច់​សន្លឹក​ឈើ មាន​ពាក់កណ្តាល​ស្ថិតនៅ​សងខាង​។​

​នៅលើ​តួ​សសរ​ពេជ្រ​វិញ​មាន​ឆ្លាក់​ជា​រូប​កង​ជាច្រើន​ដូចជា​ថ្នាំងអំពៅ ជាដើម​។ រីឯ​ហោជាង​វិញ​ក៏​ចាប់ផ្តើម​កែច្នៃ​ជា​រាង​៣​ជ្រុង ឬ​ជា​រាង​ត្រីកោណ ដែល​តុបតែង​លំអ​ដោយ​ក្បាច់​ស្លឹកឈើ ឬ​ជួនកាល​មាន​រូប​អាទិទេព​នៅ​ចំ​ចំណុច កណ្តាល​ទៀតផង​។ ចំណែក​ចម្លាក់​បដិមា​វិញ​បានបង្ហាញ​យ៉ាង ច្បាស់​មាន​លក្ខណៈ​ដូច​រូប​បដិមា​នៅ​ប្រាសាទភ្នំបាខែង​ដែរ ដែលមាន​មាឌធំ​។ ជាពិសេស​ទៅទៀត រូប​បដិមា ក្នុងសម័យ​កោះ​កេរ​នោះ ទោះ​រូប​មនុស្ស​ក្តី រូប​សត្វ​ក្តី សុទ្ធសឹង​មាន​ចលនា​ធ្វើ​កាយវិការ​ទាំងអស់ យ៉ាងណាមិញ​ដូចជា​រូបអ្នក​ចំបាប់ រូប​ពាលី រូប​សុគ្រីព រូប​គ្រុឌ រូប​ពស់នាគរាជ មាន​ពាក់​គ្រឿងអលង្ការ មាន​សណ្ឋាន​ភាព ដូច​ស្នែង ដែល​សព្វ​ថៃ្ង​នេះ​កំពុងតែ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​ក្រុងភ្នំពេញ​។​

​ព្រម​ជាមួយគ្នានេះ សិលាចារឹក​ស្តុក​កក់ធំ ក៏បាន​ចារ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​ប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន ទី​៤​ថា “​នៅ​គ្រិស្តសករាជ​ឆ្នាំ​៩២១ ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ត្រូវជា​ប្អូនថ្លៃ​របស់​ព្រះបាទ​យ​សោ​វរ្ម័នទី​១ បាន​យាង​ចាក​ចេញពី​រាជធានី​យ​សោធ​បុ​រៈ ដើម្បី​ទៅ​គង់នៅ​រាជធានី​ថ្មី​កោះ​កេរ ឬ​ឆោ​កគ​គ៌្យ​រ ហើយ​ថែមទាំង​បាន​ពាំនាំ​យកទៅ​ជាមួយ​នូវ​លទ្ធិទេវរាជ​ទៀតផង​” ។ ហេតុដូច្នេះ​ហើយ​បានជា​គេ​ឱ្យឈ្មោះ​រាជធានី ថ្មី​នេះ​ថា រាជធានី​លិង្គ​បុ​រៈ ។ ជាពិសេស​ទៅទៀត បើតាម​ការសន្និដ្ឋានរ​បស់​ពួក​បុរាណ​វិទូ​និយាយថា “​ព្រះបាទ ជ័យ​វរ្ម័នទី​៤ បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ក្សត្រិយ​ជ័យ​ទេវី ត្រូវជា​ព្រះអនុជ (​ប្អូនស្រី​) របស់​ព្រះបាទ​យ​សោ​វរ្ម័នទី​១” ។​

​ចំណែក​សិលាចារឹក​នៅ​ជញ្ជាំង​ប្រាសាទនាងខ្មៅ​ក៏បាន​និយាយទៀតថា “​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ បាន​ឡើង​គ្រងរាជ្យ​បល្ល័ង្ក​ចាប់តាំងពី​គ្រិស្តសករាជ​៩២១ ដែល​ធ្វើឱ្យ​ប្រជារាស្ត្រ​គោរព​និង​ទទួលស្គាល់​ព្រះអង្គ​ថា មាន​ព្រះ​បារមី​ម​ហិ​ទ្ធិ​ប្ញ​ទ្ធិ​មហា​កំពូល​នៅលើ​អាណាចក្រ​កម្ពុជា​ទាំងមូល ក្នុង​សតវត្សរ៍​ទី​១០ ដែល​បាន​ដឹកនាំ​ប្រជារាស្ត្រ​ឱ្យ​សាងសង់​សមិទ្ធផល​ប្រាសាទ​នានា​ទុកជា កេរដំណែល​ជូន​ដល់​មនុស្ស​ជំនាន់​ក្រោយ ពី​ទំហំ​ទឹកចិត្ត​ស្រឡាញ់​ទឹកដី និង​ប្រជារាស្ត្រ​មុននឹង​ព្រះអង្គ​សោយ​ទិ​វ​ង្គ​ត់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close