ឯកឧត្តម វេ​ង សាខុន បើកកិច្ចប្រជុំ​ ដើម្បីផ្សព្វផ្សាយ​ទិន្នន័យ​ស្ថិតិ​កសិកម្ម​

​ភ្នំពេញ​៖ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​ពិភាក្សា​អំពី​ការងារ​ប្រមូល​ទិន្នន័យ​ស្ថិតិ​កសិកម្ម និង​ការ​បូកសរុប​បញ្ចប់​ការងារ​បង្កបង្កើនផល​រដូវវស្សា​ឆ្នាំ​២០២០ ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​។ កិច្ចប្រជុំ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទូទាំង ២៥ រាជធានី​-​ខេត្ត និង​មន្ត្រី​។​

​ថ្លែង​ទៅកាន់​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា ស្ថិតិ​ដំណាំ​កសិកម្ម​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​ពីព្រោះ​វា​គឺជា​សូចនាករ​ណ៍​មួយ​អាច​វិភាគ និង​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការប្រែប្រួល និង​លើក​វិធានការ​ដើម្បី​ទប់ស្កាត់​នូវ​រាល់​បាតុភាព​អសកម្ម​ដែល​ជះ​ឥ​ទិ្ធ​ពល​មកលើ​គម្រោង ឬ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ទាំង​ក្នុង​រយ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង រួមទាំង​មាន​វិធានការ​ទប់ស្កាត់​នូវ​បាតុភាព​អតុល្យភាព “​រវាង​ផ្គត់ផ្គង់ និង​តម្រូវការ​”​។

​ជា​រៀងរាល់ឆ្នាំ ក្រសួង​បានរៀបចំ​ចងក្រង និង​ផ្សព្វផ្សាយ​ឯកសារ​ស្ថិតិ​ស្តីពី​ដំណាំ​កសិកម្ម​ប្រចាំឆ្នាំ ដែល​តួលេខ​ទាំងអស់​បានធ្វើ​ការដក​ស្រង់ និង​បូកសរុប​ដោយ​ផ្អែកទៅលើ​ការធ្វើអង្កេត​របាយការណ៍​របស់​មន្ទីរ​។ ការប្រមូល​ទិន្នន័យ​ស្ថិតិ​ដំណាំ​កសិកម្ម បាន​អនុវត្ត​ដោយ​ផ្អែកលើ​ការបូកបញ្ចូល​ទិន្នន័យ​នៅ​រដូវវស្សា (​ចាប់ពី​ខែមេសា ដល់​តុលា​) និង​រដូវប្រាំង (​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមីនា​)​។

យោង​លើ​របាយការណ៍​របស់​ឯក​ឧ​ត្ត​ម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា​លទ្ធផល​នៃ​ការចុះ​ស្រង់​ស្ថិតិ ឆ្នាំ​២០២០ នៃ​ដំណាំ​កសិកម្ម​សម្រេចបាន​លទ្ធ​ផល​ដូចខាងក្រោម​៖
១. ដំណាំ​ស្រូវ​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន ៣,៣៩០​លាន​ហ​.​ត ទិន្នផល​ជា​មធ្យម​ប្រមាណ ៣,៣៣​ត​/​ហ​.​ត និង​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ១០ ៩១៤ ៧០៥​ត​។
២. ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី​មាន​ចំនួន ១០២ ១៩១​ហ​.​ត ទទួល​បរិមាណ​ផល​ចំនួន ៩ ៩៩៣ ០៣០ រយៈពេល​វែង​មាន​ចំនួន ២១០ ៤៥៥ ហ​.​ត ទទួលបាន​បរិមាណ​ផល​ចំនួន ៧២៩ ៩៤៣​ត សរុប​បរិមាណ​ផល ១០ ៧២២ ៩៧៣ ត​។
៣. ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន ៨៧៦ ២៥៣​ហ​.​ត និង​ទទួលបាន​បរិមាណ​ផល​ចំនួន ១២ ៦៦៧ ៩៨៩​ត​។ ផ្ទៃដី​ដាំ​ដុះ​រយៈពេល​វែង​មាន​ចំនួន ២៤៦ ៨១៥​ហ​.​ត និង​អាច​ទទួលបាន​បរិមាណ​ផល​ចំនួន ៣៥២ ២៧៩​ត​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ និង​មន្ត្រី​ជំនាញ​ទាំងអស់​ដែលមាន​ខ្លឹមសារ​ទាក់ទង​៖
​ទី​១-​អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវ​សម្រួលការ​បូកសរុប​ទិន្នន័យ​ផលិតកម្ម​ដំណាំ​កសិកម្ម​ចាប់ពី​ឆ្នាំ​២០២០ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមករា និង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ នៃ​ឆ្នាំ​នីមួយៗ ពោលគឺ​បូក​ទិន្នន័យ​រដូវប្រាំង ជាមួយនឹង​ទិន្នន័យ​រដូវវស្សា​។​
​ទី​២-​ត្រូវ​បែងចែក​ដំណាំ​សាកវប្បកម្ម​ជា​៣​ក្រុមទី​១-​បន្លែ (​ផ្លែ ដើម​-​ស្លឹក​-​ផ្កា និង​មើម​) ទី​២-​ឈើ​ហូប​ផ្លែ និង​ទី​៣-​រុក្ខជាតិ​លម្អ ហើយ​ត្រូវ​ស្រង់​ស្ថិតិ​ទៅតាម​ក្រុម​នីមួយៗ​។​
​ទី​៣-​ត្រូវ​បែងចែក​ដំណាំ​ឧស្សាហកម្ម​ជា​៣​ក្រុមទី​១-​ផ្តល់​ជាតិ​ម្សៅ​និង​ស្ករ ទី​២-​ផ្តល់​ប្រេង សរសៃ និង​សារជាតិ​ញៀន និង​ទី​៣-​ជា​គ្រឿងទេស ហើយ​ស្រង់​ស្ថិតិ​ទៅតាម​ក្រុម​នីមួយៗ​។​
​ទី​៤- មន្ទីរ​ត្រូវធ្វើ​របាយការណ៍​បង្កប​ង្កើ​ន​ផលដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី និង​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី (​ដំណាំ​រដូវ​) ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ​ប្រកប ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​
​ទី​៥-​មន្ទីរ​ត្រូវធ្វើ​របាយការណ៍​បង្កប​ង្កើ​ន​ផលដំណាំ​សាកវប្បកម្ម​រយៈពេល​វែង និង​ដំណាំ​ឧស្សាហ កម្ម​រយៈពេល​វែង ប្រចាំត្រីមាស ឆមាស និង​ឆ្នាំ​។​
​ទី​៦- អគ្គនាយកដ្ឋាន និង​មន្ទីរ ត្រូវ​សម្របសម្រួល​និង​ចុះ​ប្រមូល​ទិន្នន័យ​ដំណាំ​កសិកម្ម ទាំង​កម្រិត​គ្រួសារ ការវិនិយោគ​និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋ​-​កិច្ច​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​
​ទី​៧- មន្ទីរ​ត្រូវ​សម្របសម្រួល​កត់ត្រា​ការនាំចេញ​កសិផល​ក្រៅផ្លូវការ​តាម​ខេត្ត​នីមួយៗ​លើ​មុខ​ដំណាំ​សំខាន់ៗ និង​រាយការណ៍​មក​អគ្គនាយកដ្ឋាន​កសិក​ម្ម​ជាប្រចាំ​ថ្ងៃ ព្រមទាំង​ត្រូវ​សហការ​ក្តាប់​ឱ្យបាន​អំពី​ការ​នាំចូល​កសិផល​តាម​ច្រកព្រំដែន​នានា​។
​ទី​៨-​អគ្គនាយកដ្ឋាន​កសិក​ម្ម និង​នាយកដ្ឋាន​ផែនការ ស្ថិតិ ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើឱ្យ​ស្ថិតិ​កាន់តែ​មាន​ភាព​សុក្រឹត​។​
​ទី​៩-​មន្ទីរ​ត្រូវ​រាយការណ៍​ទិន្នន័យ​គ្រប់​ប្រភេទ​តាម​ទម្រង់​ដែល​បានកំណត់ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យទាន់​ពេលវេលា និង​មាន​សង្គតិភាព​។​
​ទី​១០- មន្ទីរ​ទាំងអស់​ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​សកម្មភាព​របស់​ក្រុមហ៊ុន អង្គការ និង​សហគមន៍​នានា ដែល​ទាក់ទង​ការងារ​កសិកម្ម ដើម្បី​ស្នើសុំ​កិច្ចសហការ​តាម​គ្រប់​រូបភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close