កសិករ​ចិញ្ចឹម​ទា ក្នុង​ខេត្តសៀមរាប ត្អូញត្អែរ​តម្លៃ​ពង​ទា​ធ្លាក់​ថ្លៃ

​ខេត្តសៀមរាប​៖ អ្នកស្រី សោម ផល្លា ជា​អ្នក​ចិញ្ចឹម​ទាយក​ស៊ុត នៅ​ភូមិ​ជីក្រែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា អ្នកស្រី​បាន​ចាប់យក​មុខរបរ​ចិញ្ចឹម​ទាយក​ស៊ុត​នេះ តាំងពី​ឆ្នាំ​២០១២​មក ដែល​មកដល់​ថ្ងៃនេះ បាន​ចិញ្ចឹម​ទា​មេ​ចំនួន​១៩០០​ក្បាល ហើយ​ក្នុង​មួយថ្ងៃ មេ​ទា​ផ្តល់​ស៊ុត​ឱ្យបាន​ប្រមាណ​ជា​១៤០០​គ្រាប់ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​បញ្ហា​តម្លៃ​មានការ​ចុះថោក​ជាង​ឆ្នាំមុន ព្រោះ​ពេលនេះ​មានតម្លៃ​តែ​៣៦០​រៀល​ក្នុង​មួយ​គ្រាប់ ខណៈ​ឆ្នាំមុន មានតម្លៃ​៣៨០​រៀល​ក្នុង​មួយ​គ្រាប់ ក្នុង​ខែធ្នូ​ដូចគ្នា ដោយសារ​ម៉ូយ​របស់​យើង​បញ្ចុះតម្លៃ​ដែរ​ដោយសារតែ​លក់​មិន​ចេញ ប៉ុន្តែ​ពួកគាត់​ថា តម្លៃ​អាច​នឹង​កើនឡើង​វិញ ចាប់ពី​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០២១​នេះ​តទៅ ។​

​កសិករ​ចិញ្ចឹម​ទាយក​ស៊ុត​ជាច្រើន​ទៀត ដូចជា​ឈ្មោះ បេង យ៉ាន រស់នៅ​ភូមិ​ជីក្រែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង , ឈ្មោះ អ៊ី សុខ នៅ​ឃុំ​កែវ​ពណ៌ ក្នុងស្រុក​ពួក និង ឈ្មោះ ឈី​ន ដា​លុច នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម សុទ្ធតែ​បាន​អះអាង​ដូចៗ​គ្នា​ថា តម្លៃ​ស៊ុត​ក្នុងឆ្នាំនេះ ពិតជា​ចុះថោក​ជាង​ឆ្នាំមុន​ប្រាកដ​មែន ហើយ​ប្រសិនបើ​នៅតែ​បន្ត​ចុះថោក​ទៀត​នោះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៉ែន ប៊ុនធឿន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ការធ្លាក់​តម្លៃ​ស៊ុត​មក រូបលោក និង មន្ត្រី​ជំនាញ បាន​ចុះ​សិក្សា និង ពិនិត្យ​ដោយផ្ទាល់​នៅលើ​ទីផ្សារ និង នៅតាម​កសិករ​ចិញ្ចឹម​ទាយក​ស៊ុត​ក្នុង​ទូទាំង​ខេត្ត បាន​ពិនិត្យឃើញថា តម្លៃ​ស៊ុត​ឆ្នាំនេះ ពិតជា​ចុះថោក​ជាង​ឆ្នាំមុន​បន្តិច​មែន ប៉ុន្តែ​មូលហេតុ​នេះ គឺ​អ្នក​ចិញ្ចឹម​ទា​មានការ​កើនឡើង​ជាង​ឆ្នាំមុន ព្រោះថា​ ​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ដែល​គាត់​ធ្លាប់​បម្រើ​ការងារ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​បម្រើ​លើ​វិស័យ​ទេសចរណ៍​ផ្សេងៗ​មួយចំនួនទៀត​នោះ បាន​ត្រឡប់មក​លំនៅដ្ឋាន​រប​ស់​គាត់​វិញ ហើយ​ចាប់យក​មុខរបរ​ចិញ្ចឹមសត្វ​ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ ហេតុនេះ​បានធ្វើ​ឲ្យ​បរិមាណ​ផល មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដែល​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៩ ការចិញ្ចឹម​ទាយក​ស៊ុត ក្នុង​មួយថ្ងៃ​បាន​ចំនួន​២៨​ម៉ឺន​គ្រាប់ ប៉ុន្តែ​ឆ្នាំនេះ ក្នុង​មួយថ្ងៃ​ដូចគ្នា ទទួលផល​បាន​ជាង​៤០​ម៉ឺន​គ្រាប់ ដូច្នេះ​លើសពី​ឆ្នាំមុន​ជាង​រហូតដល់​ជាង​១២​ម៉ឺន​គ្រាប់ ។​

​លោក ប៉ែន ប៊ុនធឿន មានប្រសាសន៍​ទៀតថា រយៈកាល​កន្លងមក មាន​ជន​អគតិ​មួយចំនួន បានធ្វើការ​ផ្សព្វផ្សាយ​ខុសពី​ការពិត នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មានការ​នាំចូល​ស៊ុតទា​ពី​ប្រទេសជិតខាង ដូច្នេះ​ក្នុងឱកាស​នេះ សំណូមពរ​ដល់​កសិក​រ​ចិញ្ចឹម​ទា​ទាំងអស់​ខេត្ត កុំ​មានការ​ព្រួយ​យ​បារម្ភ​ហួសហេតុ​អំពី​ការធ្លាក់​តម្លៃ​ពេក ពិសេស​កុំ​ជឿ​លើ​ការឃោសនា​ដែល​បំភ្លៃ​អំពី​ការពិត ដូច្នេះ​សូម​បងប្អូន​ពិនិត្យ​ទៅលើ​ស្ថានភាព​ទូទៅ​នា​បច្ចុប្បន្ននេះ ហើយ​គិតថា​ចូលដល់​ពាក់កណ្តាល​ខែម​ករា​ឆ្នាំ​២០២១​នេះ ស្ថានភាព​តម្លៃ​ស៊ុត​នឹក​កើន​ឡើងវិញ ព្រោះ​យោងទៅលើ​ស្ថានភាព​ធូរស្រាល​នៃ​ការឆ្លង​រាតត្បាត​ជាស​កល​ជំងឺ​កូ​វីដ​១៩ ដែល​អាច​នឹង​ត្រឡប់មក​ជីវភាព​ធម្មតា​វិញ ក្រោយពី​ការបើក​ឡើងវិញ នៃ​ការជួបប្រជុំគ្នា និង ការរៀប​អាពាហ៍ពិពាហ៍ រួមទាំង​ការរៀបចំ​ពិធីជប់លៀង​តូចធំ ដូច្នេះ តម្រូវការ​នៃ​ការបរិភោគ​ស៊ុត​នឹងមាន​ការកើនឡើង ។​

​គួររំលឹកថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការប្រមូល​ត្រី​ប្រហុក​តាម​ដង​ទន្លេសាប កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​មានប្រសាសន៍ថា ការ​ជោរជន់​ពង​ទា និង​រហូតដល់​ការធ្លាក់​ថ្លៃ​នេះ បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា ការអនុវត្តន៍​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ នាំ​ពិធី​ផ្សេងៗ​ត្រូវបាន​ផ្អាក , តម្រូវការ​នៅតាម​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន និង​សណ្ឋាគារ​មួយចំនួន​ត្រូវបាន​កាត់បន្ថយ ជាមួយគ្នា​ក្នុងកំឡុងពេល​នេះ ត្រី​ទឹកសាប​សម្បូរ​ជាហេតុ​នាំឱ្យ​ពលរដ្ឋ​កាត់បន្ថយ​ការហូប​ពង​ទា​ផងដែរ ។​

​ឯកឧត្ដម វេ​ង សាខុន មានប្រសាសន៍​បន្ថែមថា ក្រោយពេល​មានការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ លោក​បាន​ចាត់​មន្ត្រី​ជំនាញ​សិក្សា​ស្រាវជ្រាវ​ភ្លាម​ពី​តម្លៃ​ពង​ទា​នៅ​កម្ពុជា និង​នៅ​វៀតណាម ហើយ​តាម​ការសិក្សា​តម្លៃ​ពង​ទា​នៅ​កម្ពុជា និង​វៀតណាម ប្រហាក់ប្រហែលគ្នា ហើយ​វៀតណាម​ថ្លៃ​ជាង​កម្ពុជា​បន្តិច​ផង ដូច្នេះ​ការលើក​ហេតុផល​នាំចូល​ពង​ទា​បែបនេះ គឺ​មិនមាន​ឈ្មួញ​ណា​ម្នាក់​នាំចូល​ពង​ទា​ពី​វៀតណាម​មក​កម្ពុជា គ្រា​ដែល​តម្លៃ​ប្រហាក់ប្រហែលគ្នា​បែបនេះ​ឡើយ ។​

​សូមបញ្ជាក់ថា នៅ​ទូទាំង​ខេត្តសៀមរាប មាន​កសិករ​ចិញ្ចឹម​ទា ប្រមាណ​១៩០​ហ្វូង ក្នុងនោះ​មាន​ទាយក​ស៊ុត​ចំនួន​ជាង​៤៨​ម៉ឺន​ក្បាល ដែល​ផលិត​ស៊ុត​បាន​មួយថ្ងៃ ចំនួន​ជាង​៤០​ម៉ឺន​គ្រាប់ ៕

​ប្រភពពី​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close