រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លើកទឹកចិត្ត​ឲ្យ​កសិករ​ដាំ​ដំណាំ​ពោត​ឲ្យ​បាន​ច្រើន​

​ដំណាំ​ពោត ត្រូវបាន​ចាត់ថ្នាក់​ជា​ដំណាំ​គោល​ទី​៣ បន្ទាប់ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី ដែលមាន​សក្តានុពល​ស​ម្រា​ប់​នាំចេញ និង​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ផលិត កម្ម​ចំណី​សត្វ អាហារ​មនុស្ស និង​ផលិតផល​ផ្សេងៗ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ពោត​សរុប​ចំនួន ១៥៤ ៥៩៨​ហ​.​ត និង​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៧៣៥ ៥៥១​តោន​/​ឆ្នាំ (​របាយ​រណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០)​។​

​ឈ្វេងយល់​ពី​សក្តានុពល​នៃ​ដំណាំ​ពោត នៅ​ឆ្នាំ​២០១៤ នៅ​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក ខេត្តកណ្តាល អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល KOPIA ប្រចាំ​កម្ពុជា​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​មួយ​ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ពូជ​ពោត​ក្នុងស្រុក និង​កាត់បន្ថយ​ពូជ​ពោត​នាំចូល​ពី​បរទេស​។
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ការស្រាវជ្រាវ​សម្រេច​ទទួលបាន​លទ្ធផល គឺ​ប្រភេទ​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​មួយ​មាន​ឈ្មោះថា “CHM01” ដែលមាន​លក្ខណសម្បត្តិ​គឺ​៖
– ធន់​នឹង​ជំងឺ​បួស (Downy Mildew- DM) – ផ្តល់​ទិន្នផល​ប្រមាណ​ជា ៨,៦០​តោន​/​ហ​.​ត ខ្ពស់​ជា​ប្រភេទ​ពូជ​ពោត​អ៊ីប្រ៊ីត​ដែល​នាំចូល​ពី​បរទេស
– ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ
– មាន​អាយុកាល​ខ្លី​ជាង​ប្រភេទ​ពូជ​អ៊ីប្រ៊ីដ​ផ្សេងៗ​ចំនួន​ពី​១០
-១៥​ថ្ងៃ (១០០​ថ្ងៃ​ដាំ​ដុះ​នៅ​រដូវប្រាំង និង​១០៥ ថ្ងៃ​ដាំ​នៅ​រដូវ វស្សា​)
– មាន​គ្រាប់​ធំ ពណ៌​ទឹកក្រូច​ចាស់​។

​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​អំពី​លទ្ធផល​ស្រាវជ្រាវ​ដែល​បាន​អនុវត្ត​នៅក្នុង​ស្ថានីយ ជាពិសេស​ដើម្បី​វាយតម្លៃ​អំពី​ភាព​សម ស្រប​នៃ​ក្សេត្រ​បរិស្ថាន​របស់​ពូជ ទិន្នផល គុណភាព ភាព​ធន់​ទាំង​ជំងឺ និង​ការប្រែប្រួល​អាកាស ធាតុ​នៅ​តំបន់​ផ្សេងៗ​គ្នា នៅ​ឆ្នាំ​បន្តបន្ទាប់ ២០១៧ ២០១៨ និង ២០១៩ អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​យក​ពូជ​ពោត​នេះ ទៅ​ដាំ​ដុះ​ពិសោធន៍ បន្សាំ​នៅតាម​បណ្តា​ចម្ការ​របស់​កសិក​រ​នៅ​ខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និង​កណ្ដាល​ចំនួន​ជាង ២០០​កន្លែង ទាំង​ក្នុង​រដូវវស្សា និង​រដូវប្រាំង ហើយ​លទ្ធផល​ទទួលបាន​មាន​លក្ខណ​ប្រហាក់ប្រហែល​លទ្ធផល​នៅក្នុង​ស្ថានីយ​។

​យោង​លើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ទាំងពីរ​កន្លែង នៅ​ខែឧសភា កន្លងមក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានសម្រេច​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជិកា​ជា​ពូជ​ពោត​អ៊ីប្រ៊ីត​កម្ពុជា​ដំបូង​គេ​ដែលមាន​ឈ្មោះថា CHM01 សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​។ ក្នុងនាម​ដៃគូ​សហការ​ស្រាវជ្រាវ នាយក​មជ្ឈមណ្ឌល KOPIA បាន​ចូលរួម​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ និង​ការសម្រេចបាន​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ​។

​កាលពី​ថ្ងៃទី​២៩ ខែធ្នូ អគ្គនាយកដ្ឋាន​កសិក​ម្ម បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម និង​មជ្ឈមណ្ឌល KOPIA ប្រចាំ​នៅ​កម្ពុជា​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ស្ដីពី “​ផលិតកម្ម និង​ការផ្សព្វផ្សាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត (CHM01) នៅ​ប្រទេស​កម្ពុជា​។

គម្រោង​នេះ នឹងត្រូវ​យកទៅអនុវត្ត​ក្នុង​គោលបំណង​៖
១- ពង្រឹងសមត្ថភាព​រប​ស់​អ្នកសិក្សា​ស្រាវជ្រាវ និង​ការបង្កើត​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​។​
២- បង្កើតជា​ទម្រង់ ឬ​គំរូ​មួយ​សម្រាប់​ផលិតកម្ម និង​ចែកចាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត CHM01 ជូន​កសិករ​។
៣- ធ្វើការ​បង្ហាញ និង​ផ្សព្វផ្សាយ​ពូជ​ពោត​អ៊ីប្រ៊ីត​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ​ជា​សាធារណៈ​សម្រាប់​ឲ្យ​កសិករ​មានការ​យល់ដឹង និង​ទទួលយក​កាន់តែ​ទូលំទូលាយ ហើយ​គម្រោង​នេះ​ក៏​នឹង​បញ្ចូល​ផងដែរ​លើ​ការពង្រីក​ផលិតកម្ម​គ្រាប់ពូជ ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ពោត​ថ្មី​នេះ នៅ​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក និង​នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ ខេត្តកំពង់ចាម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close