ក្នុង​ឆ្នាំ​២០២០ កម្ពុជា សម្រេចការ​នាំចេញ​អង្ករ​ជាង ៦៩​ម៉ឺន​តោន និង​ស្រូវ​ជាង ២​លាន ៨០​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​

​ភ្នំពេញ​៖ “​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍​” ​ផ្តើមចេញពី​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ចុងឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា បាន​បោះជំហាន​ដើរ​ចេញពី​ប្រទេស​អសន្តិសុខ​ស្បៀង ទៅជា​ប្រទេស​ផលិត​ស្បៀង បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក និង​ឈាន​ជា​ជំហានៗ​ទៅជា​ប្រទេស​ផលិត​ស្បៀង​លើសពី​សេចក្តីត្រូវការ​នៅ​ឆ្នាំ​២០០០ ហើយ ១០​ឆ្នាំ​ក្រោយមក​គឺ​នៅ​ឆ្នាំ​២០១០ កម្ពុជា បាន​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​រួម ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​គោលនយោបាយ​នេះ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​តាម​ផែន​ការដែល​បានដាក់​ចេញ​។

​បើតាម​ការ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា ជាក់ស្តែង​សមិទ្ធផល​ដែល​កម្ពុជា សម្រេចបាន​នៅ​ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ​គឺ​អង្ករ​ចំនួន​ជាង ៦៩០ ០០០​តោន និង​ស្រូវ​ចំនួន​ជាង ២ ៨០០ ០០០​តោន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ក្រៅពីនេះ កម្ពុជា​បាននិងកំពុង​ធ្វើការ​នាំ ចេញ​កសិផល​សំខាន់ៗ​មួយចំនួនទៀត​ដូចជា​ផ្លែស្វាយ​ស្រស់ និង​កែច្នៃ ផ្លែ​ចេក​ស្រស់ គ្រាប់ស្វាយចន្ទី​ស្រស់ និង​កែច្នៃ ដំឡូង​មី​ស្រស់ និង​ក្រៀម មាន​ប៉ៃលិន​ស្រស់ (​តា​ង៉ែ​ន​)​។​ល​។

ក៏​ពិត​ថា​យើង​ទទួលបាន​សមិទ្ធផល​ដ៏​ល្អប្រសើរ​យ៉ាងនេះ​ក្តី ក៏​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅតែ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​ផែនការ​ជំរុញ​កំណើន​កសិកម្ម រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចជាតិ តាមរយ​:​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ក្នុង​គោលបំណង​សំខាន់​គឺ​ធ្វើយ៉ាងណា “​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ ប្រែប្រួល​អាកាសធាតុ និរន្តរភាព បង្កើន​ប្រាក់ចំណូល ធានាបាន​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​នវានុវត្តន៍​” ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​តាម​អភិក្រម ព្រមទាំង​លើកកម្ពស់​ការធ្វើ​យ​ន្តូ​ប​នីយកម្ម​កសិកម្ម ពិពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។ មួយ​ក្នុងចំណោម​គោលនយោបាយ​ជា​អាទិភាព​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺ​ការអភិវឌ្ឍ​យ​ន្តូ​ប​នី​កម្ម​កសិកម្ម​។

​ផ្តើមចេញពី​ការអនុវត្ត​គោលនយោបាយ​នេះ យើង​សង្កេត ឃើញថា​បច្ចុប្បន្ន គ្រឿងយន្ត​កសិកម្ម​បាន​ចូលខ្លួន​មក​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ជំនួស​ឲ្យ​កំលាំង​ពលកម្ម​មនុស្ស និង​សត្វពាហន​:​ស្ទើរតែ​ទាំងស្រុង ជាពិសេស​លើ​ផ្នែក​ផលិតកម្ម​ដំណាំ​ស្រូវ និង ដំណាំ​ក​សិ​-​ឧស្សាហកម្ម​។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម (០៨/​មករា​/២០២១) បាន​បង្ហាញថា​បច្ចុប្បន្ន កម្ពុ​ជាមាន​ត្រាក់ទ័រ​ចំនួន ៣២ ០៩៤​គ្រឿង គោយន្ត​ចំនួន ៤៩៨ ១១៩​គ្រឿង និង​ម៉ាស៊ីន​ប្រមូល​ផល​ស្រូវ​មាន​ចំនួន ៦ ៧៩៦​គ្រឿង ដែល​បាននិងកំពុង​បំពេញការងារ​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​ដីស្រែ ដីចំការ និង​ប្រមូល​ផល​ស្រូវ ហើយ​និង​គ្រឿងយន្ត​បម្រើ​ឲ្យ​ការងារ​សាកវប្បកម្ម​។ ជាក់ស្តែង ផ្ទៃដី​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត​មាន​ចំនួន ៣ ៣៩៦ ០៦០​ហ​.​ត ស្មើនឹង ៩៩,១៤% នៃ​ផ្ទៃដី​ដែល​បាន​ភ្ជួរ​រាស់​សរុប ក្នុងនោះ​ផ្ទៃដី​ស្រែ​ប្រមាណ​ជា ៨៥,៤០% ត្រូវបាន​ប្រមូល​ផល​ដោយ​ប្រើ​ម៉ា​ស៊ី​ច្រូត​។

​ទន្ទឹមនេះ ក្នុង​គោលបំណង​ដើម្បី​ចូលរួមចំណែក​អនុវត្ត​បច្ចេកទេស​រៀបចំ​ដី និង​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​សម ស្របតាម​បទដ្ឋាន ស្ថានភាព​ដី និង​ប្រភេទ​ដំណាំ រៀងរាល់ឆ្នាំ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​បាន​ចុះ​ធ្វើការ​បង្ហាញ​ជាក់ស្តែង​អំពី​ការប្រើ​គ្រឿងយន្ត ជួសជុល និង​បានធ្វើ​ការណែនាំ​អំពី​អត្ថប្រយោជន៍​សំខាន់ៗ​ជូន​ដល់​កសិករ​ផងដែរ ដូចជា​ការត្រួតពិនិត្យ​បច្ចេកទេស​នៃ​ការរៀបចំ​ដី​អត្ថប្រយោជន៍​នៃ​ការរៀបចំ​ដី និង​បច្ចេកទេស​នៃ​ការ​គ្រឿងយន្ត​ក្នង​ការប្រមូល​ផល​។​ល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close