ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន​៤ និង​គម្រោង​អភិវឌ្ឍន៍​ជាង​២០០ ត្រូវបាន​ដាក់បញ្ចូល ក្នុង​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​

​ភ្នំពេញ​៖ គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្ត​កែប បាន​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​របស់ខ្លួន នៅក្នុង​ខេត្ត​ភាគ​និរតី​មួយ​នេះ ដោយបាន​ចងក្រង​ជា «​សេចក្ដីព្រាង​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​» មួយ​ឡើង ក្នុងនោះ​គម្រោង​​បង្កើត​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន​៤ និង​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៥១​គម្រោង ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​សេចក្តីព្រាង​ផែនការ​មេនេះ​។​

​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ​នៅក្នុង​អង្គប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ឱ្យ​ខេត្ត​កែប​ក្លាយជា «​គោលដៅ​ទេសចរណ៍ធម្មជាតិ​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់​» ដោយ​គិត​ទៅលើ​ភាព​ទាក់ទាញ ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក ពិសេស​គឺ​ត្រូវ​ធានា​ឱ្យបាន​នូវ​សមភាព សមធម៌ តម្លាភាព ចីរភាព និង​នវានុវត្តន៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ គឺជា​ឯកសារ​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​អាចជួយ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ខេត្ត​កែប ទាំង​នៅក្នុង​ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ក៏ដូចជា​ក្នុងដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ផងដែរ​។​

​អង្គប្រជុំ​បានបង្ហាញ​យុទ្ធសាស្ត្រ​គោល​ចំនួន ៩ នៅក្នុង​ឯកសារ​ព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ រួមមាន​៖
១៖ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប៉ូល​ទេសចរណ៍​ខេត្ត​កែប​
២៖ យុទ្ធសាស្ត្រ​វិនិយោគ និង​អភិវឌ្ឍន៍​របៀង​ទេសចរណ៍​ខេត្ត​កែប​
៣៖ យុទ្ធសាស្ត្រ​ពង្រឹងគុណភាព និង​សុ​វត្តិភាព​ទេសចរណ៍​
៤៖ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​
៥៖ យុទ្ធសាស្ត្រ​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ខេត្ត​កែប​
៦៖ យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ពាក់ព័ន្ធ​នានា គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​
៧៖ យុទ្ធសាស្ត្រ​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​កែប​
៨៖ យុទ្ធសាស្ត្រ​អភិវឌ្ឍ​នវានុវត្តន៍​នៃ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​
៩៖ យុទ្ធសាស្ត្រ​ពង្រឹង​អភិបាលកិច្ច ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​
​នៅក្នុង​យុទ្ធសាស្ត្រ​គោល​ទាំង ៩ ខាងលើនេះ គឺមាន​យុទ្ធសាស្ត្រ​លម្អិត​ចំនួន ៤៩ យុទ្ធសាស្ត្រ​ទៀត ដោយ​បែង​ចែកជា ៩៨ សកម្មភាព ស្មើនឹង ២៥១ គម្រោង​។​

​ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​នេះ បាន​ថ្លែងថា គណៈកម្មការ​អន្តរក្រសួង​បានកំណត់​យក​ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​ធំៗ​ចំនួន ៤ សម្រាប់​ខេត្ត​កែប​នេះ ក្នុងនោះ​រួមមាន​ទីក្រុង​កែប​បច្ចុប្បន្ន តំបន់​អង្កោល តំបន់ភ្នំ​វល្លិ និង​តំបន់​ប្រជុំ​កោះ​។​

​ឯកឧត្តម​បាន​បន្តថា ដោយសារ​ខេត្ត​កែប​គឺជា​ខេត្ត​ទី​២ បន្ទាប់ពី​ខេត្តកំពត​ដែល​អាច​ផលិត​អំបិល ហើយ​ផលិតផល​អំបិល​នេះ​គឺជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេសជាតិ ទើប​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ចក្ខុវិស័យ​ការពារ​តំបន់​ស្រែអំបិល និង​ជំរុញឱ្យមាន​ការផលិត​អំបិល​ឱ្យបាន​កាន់តែ​ច្រើនឡើង​។ សម្រាប់​ផែនការ​មេនេះ​នឹង​ប​ម្លែ​ង​គោលដៅ​នៅ​តំបន់​ស្រែអំបិល ទៅជា​គោលដៅ​ក​សិ​ទេសចរណ៍​ស្រែអំបិល ក្នុងនោះ​ក៏មាន​ការ​បង្កើតឱ្យមាន​ជា​សារៈមន្ទីរ​ស្រែអំបិល ដើម្បី​បង្ហាញ​ទៅដល់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់​អំពី​ចង្វាក់​ផលិតកម្ម​អំបិល​នៅ​កម្ពុជា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close