រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រើនរំលឹកឲ្យមន្ត្រីជំនាញ ជួយទប់ស្កាត់ការទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ
ខេត្តកំពង់ធំ៖ កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរមកវាយតម្លៃលើវឌ្ឍនភាពការអភិវឌ្ឍន៍សហគមន៍ព្រៃឈើព្រៃហ៊ុំ ដែលមានទីតាំងនៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។
លោកប្រធានសហគមន៍ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា សហគមន៍នេះ បានបង្កើតឡើងក្នុងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ ហើយទទួលស្គាល់ជាផ្លូវការដោយប្រកាស កសក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ និងបានចុះកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ និងបានអនុម័តផែនការគ្រប់គ្រងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ បច្ចុប្បន្នសហគមន៍ មានផ្ទៃដីទំហំ ៤០៨ហ.ត សមាជិកសរុបចំនួន ៥១៧ គ្រួសារ (ពីរភូមិគឺ ភូមិដំរីស្លាប់ ២១៧គ្រួសារ និងភូមិសង្គម ៣០០គ្រួសា)។
លោកបានបន្តទៀតថា សហគមន៍បានទទួលប្រយោជន៍ពីផល និងអនុផលព្រៃឈើសំខាន់ៗមានដូចជា៖ ផ្លែគុយ ផ្សិត ដំឡូង វល្លិ៍ និងរំពាក់ជាដើម។ ដើម្បី លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ បច្ចុប្បន្នរដ្ឋបាលព្រៃឈើបាននាំយកគម្រោងស្តីពីប្រព័ន្ធកសិ-រុក្ខកម្ម លើដី ១០ហ.ត ជីកអណ្តូងខ្នោះ ០១ អណ្តូងប្រើប្រាស់សូឡាប៊ូមទឹក ០១ ជីកស្រះទឹក ០១ សាងសង់ស្នាក់ការយាម តម្លើងរោងដាំបន្លែ (Green house) ០២។ ផ្ទៃដី ៦ហ.ត បានដាំឈើពាណិជ្ជកម្ម (រយៈពេលវែង មធ្យម និងខ្លី) ចំនួន ១២៣៥០ដើម (គ្រញូង ៨០០០ ធ្នង់ ១០០០ បេង ១០០០ អង្កាញ់ ១០០០ ច្រេស ១០០០ ខ្នុរ ១០០ ស្តៅ ២០០ និងស្វាយ ៥០ដើម។ ដោយសារគម្រោង បច្ចុបន្នសហគមន៍ទទួលបានប្រាក់ចំណូលសរុបប្រមាណជា ៦ ៥០០ ០០០រៀល។
ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ ដែលបានសហការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសយកគម្រោងមកអនុវត្តក្នុងសហគមន៍ផ្ទាល់ ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសកែប្រែ ឬលើកកម្ពស់កម្រិតជីវភាព ធានាបានការអភិវឌ្ឍន៍សហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗដោយជ្រើសរើសសហគមន៍ព្រៃឈើទូទាំងប្រទេសធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមសត្វ (មាន់ស្រែ) ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ ដើម្បីបន្តការអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អជីវភាពតាមរយ: បង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ រួមទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍ឲ្យបានល្អដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវ ការពារភ្លើងឆេះព្រៃ ត្រូវបោះបង្គោលព្រំដីសហគមន៍ និងធ្វើប្លង់ដីកម្មសិទ្ធិចៀសវាងការទន្ទ្រានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរកសិកម្មជួយលើការងារបច្ចេកទេស និងទីផ្សារដើម្បីជួយរំដោះផលដំណាំពីសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។