បាតុកម្មនៅឥណ្ឌាកាន់ តែតានតឹង កសិករបើកត្រាក់ទ័រចូលក្រុង
ការធ្វើបាតុកម្មនៅក្នុងប្រទេសឥណ្ឌា កាន់តែកើនកម្តៅ ដោយពេលនេះ កសិករឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដោយបានបើកត្រាក់ទ័រ ទៅកាន់រដ្ឋធានីញូវដេលីធ្វើបាតុកម្ម ក្នុងឱកាសបុណ្យខួបកម្រប់ ៧២ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋ ។
រដ្ឋធានីញូវដេលី ពេញទៅដោយត្រាក់ទ័រ ដាក់ទង់ជាតិឥណ្ឌានិងទង់សម្ពន្ធកសិករឥណ្ឌា។ ក្រុមបាតុករបានស្លៀកពាក់ជម្រុះពណ៌ ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភីបាលរបស់នាយករដ្ឋមន្ត្រី ណារ៉ានដ្រា ម៉ូឌី (Narendra Modi)។
កម្លាំងប៉ូលិសប្រឆាំងបាតុករ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទឹក ដើម្បីបំបែកក្រុមបាតុករ នៅ ទីតាំងពីកន្លែងផ្សេងគ្នា ខណៈក្រុមបាតុករព្យាយាមបំបែករបាំងរបស់ប៉ូលិស សម្រុកចូលរដ្ឋធានី ។ កម្លាំងប៉ូលិសយករថយន្តធំៗទៅបិទផ្លូវ ចូលទីក្រុង ។
មេដឹកនាំក្រុមបាតុករ បានឲ្យដឹងថា មានត្រាក់ទ័ររហូតដល់ជាង ១ម៉ឺនគ្រឿងដង្ហែរក្បួនចូលរដ្ឋធានី ធ្វើបាតុកម្ម។ បាតរុកម្មរបស់កសិករឥណ្ឌា ធ្វើឡើងក្រោយពេលរដ្ឋសភាប្រទេសនេះ កាលពីខែកញ្ញាឆ្នាំ២០២០ អនុម័ត ច្បាប់កសិកម្មថ្មីចំនួន៣។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី មូឌី បានបញ្ជាក់ថា ច្បាប់ថ្មីនិងជំរុញការផលិតកសិកម្មកាន់តែច្រើន ផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋវិញបានបង្ហាញពីក្តីបារម្ភ ការធ្វើភាវូបនីយកម្មវិស័យកសិកម្មរបស់រដ្ឋាភីបាល នឹងធ្វើឲ្យប្រាក់ចំណូលពលរដ្ឋធ្លាក់ចុះ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីមូឌី បានចោទប្រកាន់ក្រុមប្រឆាំងបំផុះការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ ។ រដ្ឋាភិបាលក៏បានសម្រេច ពន្យាពេលអនុវត្តច្បាប់ ក្នុងរយៈពេល១៨ខែ ។ ប៉ុន្តែពលរដ្ឋមិនយលព្រមទាមទារឲ្យលុបចោល។
វិស័យកសិកម្ម ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសឥណ្ឌា ពលរដ្ឋ ៥០ភាគរយពឹងផ្អែកទៅលើវិស័យនេះដើម្បីចិញ្ចឹមជីវិត្ត។ ប៉ុន្តែដោយគ្រោះធម្មជាតិ ការបង្កបង្កើនផលមិនមិនបានល្អ ធ្វើឲ្យពលកសិករឥណ្ឌាជាង ពាក់កណ្តាលជំពាក់បំណុល ហើយមានកសិករដល់ទៅ ជាង២ម៉ឺននាក់ធ្វើអត្តឃាត់ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។