ឯកឧត្តម ស៊ុន ចាន់ថុល ជម្រុញ​ឲ្យ​អង្គភាព​ស្ថាបនា​ផ្លូវ និង​លូ ក្នុង​គម្រោង​ផ្លូវ​៣៨ នៅក្នុង​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន ព្រមទាំង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ចុះ​ពិនិត្យ វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ដោយបាន​ផ្តោត​សំខាន់​ទៅលើ​ការពិនិត្យ​លើ​ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង ទឹក​កខ្វក់ និង​សុវត្ថិភាព​ចរាចរណ៍ ព្រមទាំង​សណ្តាប់ធ្នាប់​ការដ្ឋាន​។

​ឯកឧត្ដម បាន​មានប្រសាសន៍ថា ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​តាមដាន និង​វាយតម្លៃ​បញ្ហា​បច្ចេកទេស​សាងសង់ ដើម្បី​ក្រើនរំលឹក​ឲ្យ​អង្គភាព​សាងសង់​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​បច្ចេកទេស​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក៏ដូចជា​ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង និង​ប្រព័ន្ធ​លូទឹកកខ្វក់ ដែល​អាច​ធានាបាន​គុណភាព​ល្អ អាច​ប្រើប្រាស់​បានយូរ​អង្វែង ក្នុងការ​កាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​ថវិកាជាតិ និង ខាតបង់​ពេលវេលា​ផងដែរ ។

​គម្រោង​ផ្លូវ ៣៨​ខ្សែ​នេះ អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន​០៨ រួមមាន ទី​១-​កងវិស្វកម្ម​លេខ ១៧៨​ស្ពាន​-​ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម​, ទី​២-​កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ,​ទី​៣-​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ,​ទី​៤-​អគ្គនាយកដ្ឋាន សាធារណការ ,​ទី​៥-​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ,​ទី​៦-​នាយកដ្ឋាន គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ,​ទី​៧- នាយកដ្ឋាន ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ទី​៨-​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប ។

​ការសាងសង់​នេះ​ត្រូវ​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់ និង ការអនុវត្ត​តាម​លក្ខ​ខណ្ឌ​តម្រូវ នៃ​ស្តង់ដា​បច្ចេកទេស​ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ​ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​មាន ប្រសិទ្ធភាព​ខ្ពស់ និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ពេលវេលា ដោយ​គិត​ត្រឹម​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ សម្រេច​លទ្ធផល​ការងារ​បាន​១៨%​ហើយ ។

​ជាមួយគ្នានេះ​ឯកឧត្តម អភិបាល និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ សុំ​មានការ​យោគយល់ អធ្យាស្រ័យ អត់ធ្មត់​ចំពោះ​ការរំខាន និង​ផលប៉ះពាល់​ដោយសារ​ដំណើរការ​ការដ្ឋាន​សាងសង់ និង​ចូលរួម​សហការ​ល្អជា​មួយ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមការងារ​បច្ចេកទេស ដើម្បី​ឲ្យ​ដំណើរការ​គម្រោង​ស្ថាបនា​ផ្លូវ ៣៨​ខ្សែ​នេះ អនុវត្ត​ទៅដោយ​រលូន និង​អាច​ប្រែក្លាយ​ទីក្រុង​សៀមរាប​ទៅជា​ទីក្រុង​ទំនើប ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ លើកកម្ពស់​សោភ័ណភាព​ក្រុង​ឲ្យ​ស័​ក្កិ​សមជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close