​សហគមន៍​ជី​ឱក​បឹង​ប្រី​យ៍ បន្ត​ប្រមូល​ដួង​សោម ខណៈ​កំពុងមាន​តម្រូវ​ខ្ពស់​នៅ​ទីផ្សារ​

​ដួង​សោម រស់នៅក្នុង​ដើម​សោម និង​ស៊ី​បណ្តូល ឬ​គម​សោម​ជា​អាហារ មុន​វិ​វត្ត​ទៅជា​សត្វ​កញ្ចែរ​ប្រ​ម៉ោ​យ​មួយ​។ ដើម​សោម​មាន​ដុះ​ច្រើន នៅតាម​ដី​សើម​ជាំ​ទឹក តាម​មាត់​អូរ ដូចជា​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ជី​ឱក​បឹង​ប្រី​យ៍​ក្នុង​ខេត្តព្រះវិហារ ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តកំពង់ធំ​។

​តាំងពី​បុរាណកាល​មក ជនជាតិ​កួយ​ដែល​រស់ក្នុង​នៅ​តំបន់​រវាង​ខេត្តកំពង់ធំ និង​ព្រះវិហារ​ប្រមូល​ដួង​សោម​នៅ​ចន្លោះ​ខែសីហា​-​កញ្ញា ជា​អាហារ​បំប៉ន​របស់​ពួកគាត់ តែ​ក្រោយពី​បាន​ជ្រាប​ដល់​ព្រះករុណា​ព្រះមហាក្សត្រ​នៅពេលនោះ ព្រះអង្គ​បាន​បញ្ជា​ដល់​មេកន្ទ្រាញ​កួយ​ឱ្យ​រៀបចំ​ដួង​សោម ដើម្បី​ថ្វាយ​ជា​ក្រ​យ៉ា​ដល់​ព្រះអង្គ ជា​រៀងរាល់ឆ្នាំ​។​

​បច្ចុប្បន្ន ប្រជា​សហគមន៍​ជី​ឱក​បឹង​ប្រី​យ៍ នៅ​បន្ត​ប្រមូល​ដួង​សោម​ជា​ប្រពៃណី​របស់ខ្លួន តែ​មិនបាន​ទទួលទាន​ខ្លួនឯង​ទេ ដោយសារ​មាន​តម្រូវ​ខ្ពស់​នៅ​ទីផ្សារ​។ ជាទូទៅ ដួង​សោម​ត្រូវ​ប្រមូល​មក​ទាំង​គុល​ដើម​សោម ដែល​អាច​រក្សាទុក​បាន ២-៣ សប្តាហ៍​បន្តទៀត មុន​យក​ដួង​សោម​ចេញមក​ធ្វើជា​អាហារ​។

​ដួង​សោម ជា​អាហារ​ធម្មជាតិ​ដ៏​ឆ្ងាញ់ មាន​លក់​នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​នៅ​ខេត្តកំពង់ធំ និង​ព្រះវិហារ និង​នៅ​ទីក្រុង​ភ្នំពេញ នៅ​រដូវ​កាល​ប្រមូល​ផល​ក្នុង​ខែសីហា​-​កញ្ញា​។ ដួង​សោម មានតម្លៃ​ពី ១២០០០-២០០០០ រៀល​ក្នុង​មួយ​គ្រាប់​។ ក្រសួងបរិស្ថាន​បាន និង​កំពុង​ជំរុញ​ការដាំ​ដើម​សោម​បន្ថែម នៅក្នុង​ផ្ទៃដី​សហគមន៍​គោលដៅ ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជា​សហគមន៍ ពី​ដួង​សោម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close