ក្រសួងព័ត៌មាន​កំពុងរៀបចំធ្វើវិសោធនកម្ម​ច្បាប់ស្តីពីរបបសារព័ត៌មាន

ថ្លែង​ក្នុងកិច្ចពិភាក្សាស្តីពី “ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក” តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បាន​មានប្រសាសន៍ថា មកដល់ពេលនេះ ក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ឲ្យមានលក្ខណៈបច្ចុប្បន្នភាព ហើយដើម្បីឲ្យអ្នកសារព័ត៌មានបានយល់ដឹងពីច្បាប់សារព័ត៌មាន ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្ម ក៏ដូចជាច្បាប់ផ្សេងៗ នៅក្នុងបរិបទសង្គម នាពេលបច្ចុប្បន្ន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៏ថា សិទ្ធិសារព័ត៌មាន គឺជាសិទ្ធិសម្រាប់ប្រជាពលរដ្ឋទាំងមូល ដែលធានាដោយរដ្ឋធម្មនុញ្ញ, លោកថា មានអ្នកខ្លះច្រឡំថា ច្បាប់ស្ដីពីរបបសារព័ត៌មាន គឺជាច្បាប់សម្រាប់អ្នកសារព័ត៌មាន ការយល់នេះ គឺជាការយល់ខុស ពីព្រោះយើងបានសរសេរថា “ច្បាប់ស្ដីពីរបបសារព័ត៌មាន” មិនមែនច្បាប់សារព័ត៌មានទេ។

មានន័យថា អ្នកណាក៏ធ្វើអ្នកសារព័ត៌មាន ឬអ្នកកាសែតបានដែរ ប៉ុន្តែការធ្វើច្បាប់ស្ដីពីរបបសារព័ត៌មាន នាពេលនោះ (ឆ្នាំ ១៩៩៤) យើងបានជជែកអំពីលក្ខខណ្ឌមួយចំនួន ដែលអ្នកបើកសារព័ត៌មានយ៉ាងហោចណាស់មានកំរិតវប្បធម៌បាក់ឌុបដែរ។

បើតាមលោក ខៀវ កាញារីទ្ធ ពេលនោះ អ្នកខ្លះមិនបានជាប់បាក់ឌុបទេ តែគាត់មានបទពិសោធន៍៣ ឆ្នាំ ៤ឆ្នាំជាដើម ហើយនៅឆ្នាំ១៩៩៤នោះ គឺជាឆ្នាំដែលមានអ្នកសារព័ត៌មានតិច យើងបាននិយាយគ្នាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអង្គការសង្គមស៊ីវិលផ្សេងៗ ហើយបានកំណត់យកបរិមាណសិន ហេតុនេះ ការធ្វើច្បាប់នាពេលនោះ មិនមានលក្ខខណ្ឌអ្វីច្រើនទេ។

ដូច្នេះមកដល់ឆ្នាំ២០២១នេះ ជាសតវត្សរ៍ថ្មី យើងសង្កេតឃើញថា មានអ្នកចេះដឹងច្រើន ដូច្នេះយើងត្រូវប្ដូរពីបរិមាណ មកយកគុណភាពវិញ។ ហេតុដូច្នេះហើយ ទើបក្រសួងបាននិងកំពុងរៀបចំគណៈកម្មការមួយ ដោយមានការចូលរួមពីសមាគមអ្នកសារព័ត៌មានចូលរួមផងដែរ ដើម្បីកែប្រែ ឬធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មាននេះ ឲ្យមានលក្ខណៈបច្ចុប្បន្នភាព មានន័យថា ត្រូវគិតពីចំណេះវិជ្ជា និងគុណសម្បត្តិផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close