រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារ សេចក្តីព្រាងច្បាប់ចំនួន៣ តាមរយៈប្រព័ន្ធវីដេអូ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ជាមួយថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា នៃគណៈបក្សដឹកនាំរដ្ឋាភិបាល ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា ដោយបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្រសួងពាណិជ្ជកម្ម បានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែងនេះទ្បើង ដែលជាសមិទ្ធផលដ៏សំខាន់ ក្នុងការខិតខំប្រឹប្រែងអនុវត្តទិសដៅការងារសំខាន់ៗ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងសមត្ថភាពកម្ពុជាដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល នៃចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
ជាចុងបញ្ចប់ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា បានសម្តែងគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានសម្តែងការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំកសាងច្បាប់និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើងបរិយាកាសធុរកិច្ច និងជាពិសេសការខិតខំប្រឹងប្រែងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរខាងលើ ប្រកបដោយជោគជ័យស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។