ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា កំពុង​ដើរតួនាទី​ជា​ស្ពាន​ចម្លង​រវាង​កសិករ ឬ​អ្នក​ផលិត​ជាមួយ​វិស័យ​ឯកជន

​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​បាននិងកំពុង​ដើរតួនាទី​ជា​ស្ពាន​ចម្លង​រវាង​កសិករ ឬ​អ្នក​ផលិត​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម តាមរយ​:​ការធានា​បរិមាណ​ផ្គត់ ផ្គង់ គុណភាព និង​សុវត្ថិភាព​ផលិតផល ទីផ្សារ និង​តម្លៃ​។ មិនតែប៉ុណ្ណោះ ភាគី​ប្រមូល​ទិញ​ក៏​នឹង​ជួយ​ជា​បច្ចេកទេស ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ឥណទាន ព័ត៌មាន និង​សេចក្តី​ត្រូវ​របស់​ទីផ្សារ​។

​សហគមន៍​កសិកម្ម​តា​សី​សាមគ្គី មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល បាន​ចុះ បញ្ជី​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ មាន​សមាជិក​ចំនួន ៩២​គ្រួសារ (​ស្ត្រី ៣៦​នាក់​) មាន​ភាគហ៊ុន​ចំនួន ២០០​ហ៊ុន និង​មាន​ទុន​សរុប​ចំនួន ១០​លាន​រៀល​។ បច្ចុប្បន្ននេះ សមាជិក​កើនឡើង​រហូតដល់​ទៅ ១២៩​គ្រួសារ (​ស្ត្រី ៣៥ នាក់​) មាន​ផ្ទៃដី​ដាំ​ដុះ​បន្លែ ៣៧​ហ​ត មាន​ភាគហ៊ុន​ចំនួន ៩០១​ហ៊ុន ទុន​កើន​ឡើងដល់​ទៅ ៥២​លាន​រៀល​។ ក្រៅពី​ដាំ​បន្លែ សហគមន៍​ក៏មាន​សេវា​ផ្តល់​ឥណទាន ការផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ទីផ្សារ (​ទិញ និង​លក់​បន្លែ​សុ​វ​តិ្ថ​ភាព​) និង​ផ្តល់​សេវាកម្ម​សាងសង់​ផ្ទះ​សំណាញ់ និង​សេវាកម្ម​ផ្សេងៗ​ទៀត​។​

​លោក ណុប នុ​ន បាន​ឲ្យ​ដឹងថា​សមាជិក​សហគមន៍​ទាំងអស់​កំពុង​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់​ជាង ២០​មុខ រួមមាន​៖ ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់​ខ្មែរ ស្ពៃហាង ស្ពៃ​តឿ ស្ពៃក្រញាញ់​ផ្អែម​ម៉ា​ទ្បេ​ស៊ី ស្ពៃចង្កឹះ ខាត់ណា​ដើម ខាត់ណា​ផ្កា ត្រសក់ ត្រឡាច ជីរ​ណា និង​ប៉េង​បោះ​។​ល​។ អាច​ផ្គត់ផ្គង់​បន្លែ​ឲ្យ​ទីផ្សារ​បាន​រាល់ថ្ងៃ​សម្រាប់​រយៈពេល​ពេញ ១​ឆ្នាំ​នូវ​បន្លែ​ចំនួន ៨ មុខ គឺ​ស្ពៃក្តោប ខាត់ណា​ផ្កា ខាត់ណា​ដើម ស្ពៃហាង ស្ពៃ ក្រញាញ់ ស្ពៃ ក្រញាញ់​ផ្អែម​ម៉ា​ទ្បេ​ស៊ី ស្ពៃ​តឿ និង​ស្ពៃចង្កឹះ ក្នុង​បរិមាណ​ចន្លោះ​ពី ១-២​តោន ទៅ កាន់​ទីផ្សារ​ក្នុង​ខេត្ត និង​រាជធានី​ភ្នំពេញ​ចំនួន​១០ ហើយ​ទទួលបាន​ប្រាក់ចំណូល​ជា​មធ្យម​ប្រមាណ ១ ៥០០ ០០០​រៀល​/​ថ្ងៃ​។

​សហគមន៍​មាន​ផែន​ការដាំ​បន្លែ​ចំនួន ៣​មុខ​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​គឺ​ប៉េង​បោះ​ឆេ​រី​ក្រហម និង​លឿង ប៉េង​បោះ​ហា​វៃ និង​ម្ទេសហាវៃ​ក្រហម និង​លឿង​ផងដែរ ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ធ្វើការ​ពិសោធន៍​ស្រាវជ្រាវ​។ នៅក្នុង​ឆ្នាំ​២០២១ សហគមន៍​បាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ជាមួយ​ផ្សារ និង​ភោជនីយដ្ឋាន​ចំនួន​១៩ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​។

​ក្នុងចំណោម​កិច្ចសន្យាផ្លូវការ​ទាំងអស់ សហគមន៍​បាន​ចុះកិច្ចសន្យា​ជាមួយ​ផ្សារ និង​ក្រុមហ៊ុន​ចំនួន​៧ នៅ​រាជធានី​ភ្នំពេញ រួមមាន​ក្រុមហ៊ុន​រ៉េ​មិច (REMIC) ចំនួន​៣៥​តោន ផ្សា​រអា​លី​ម៉​ង់​ចំនួន​៥​តោន និង​ផ្សារ​ចំនួន​ប្រាំ​ផ្សេងទៀត ក្នុង​បរិមាណ​ប្រមាណ​១០​តោន​។ ក្រៅពីនេះ សហគមន៍​បាន​ចុះកិច្ចសន្យា​មិន​ផ្លូវការ​ជាមួយ​ផ្សារ និង​ភោជនីយដ្ឋាន​ចំនួន​១២​ទៀត នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង ដើម្បី​ផ្គត់ ផ្គង់​បន្លែ​សុវត្ថិភាព​ប្រមាណ ១០​តោន​/​ឆ្នាំ​។ សហគមន៍​ក៏ បានទទួល​ទិញ​បន្លែ​សុវត្ថិភាព​ពី​សហគមន៍​កសិកម្ម​ចំនួន ១០ នៅ​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​របស់​សហគមន៍​កសិកម្ម​ទាំងនោះ​ផងដែរ​។

​ក្រៅពី​ការដាំដុះ​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ សហគមន៍​បាន​បង្កើត​ក្រុម​អ្នកបច្ចេកទេស​សាងសង់​ផ្ទះ​សំណាញ់​ជូន​ដល់​កសិករ​នៅ​ទូទាំងប្រទេស​ចំនួន​មួយក្រុម​ដែលមាន​សមាជិក​ចំនួន ២៥​នាក់ ភាគច្រើន​ជា​អ្នកធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​។

​លោក​ក៏បាន​ជូន​បទពិសោធន៍​ថា ៖ ដើម្បី​ទទួលបាន​ស្ថិរភាព​តម្លៃ និង​ស្ថិរភាព​ទីផ្សារ “​កសិករ​ត្រូវ​ដាំ​បន្លែ​ដែល​ទីផ្សារ​ត្រូវការ និង​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ សិក្សា​ពី​តម្រូវការ​ទីផ្សារ ស្វែងរក​ដៃគូ​អាជីវកម្ម ប៉ាន់ប្រមាណ​សមត្ថភាព​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ រៀបចំ​ផែនការ​នៃ​ការដាំ ដុះ និង​ប្រមូល​ផល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close