ក្រសួងបរិស្ថាន កំពុង​អនុវត្តផែនការរៀបចំ​ទីលាន​ចាក់សំរាម ការកសាង​អាង​ប្រព្រឹត្ត​កម្ម​ទឹក និង​ការបំពាក់​ឧបករណ៍​ចម្រោះ​ទឹកស្អាត

ភ្នំពេញ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី អា​លី​សា ឆែក​គ័​រ Alissar Chaker នាយក​ប្រចាំ​ប្រទេស​ថ្មី​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ ដែល​ក្រសួងបរិស្ថាន បានធ្វើ​ជាមួយ​កម្មវិធី អភិវឌ្ឍន៍​សហប្រជាជាតិ​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​ពី កិច្ច​ការដែល​ក្រសួងបរិស្ថាន បាននិងកំពុង​ធ្វើ​ទាំង​ក្របខណ្ឌ​គោលនយោបាយ ផែនការ​សកម្មភាព និង​ការ អនុវត្ត​ជាក់ស្តែង​សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​គុណភាព​បរិស្ថាន និង​និរន្តរភាព​បរិស្ថាន​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​អនុវត្ត​ផែនការ​ជា​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន តាមរយៈ​ការរៀបចំ​ទីលាន​ចាក់សំរាម ការកសាង​អាង​ប្រព្រឹត្ត​កម្ម​ទឹក ការបំពាក់​ឧបករណ៍​ចម្រោះ​ទឹកស្អាត នៅតាម​សាលារៀន វត្ត​អារាម រដ្ឋបាល​សាធារណៈ ក៏ដូចជា​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការគិតគូរ​ពី​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ជាដើម​ជាការ​រួមចំណែក​គិតគូរ​សុខុមាលភាព​មនុស្ស និង​ការកសាង​ធនធានមនុស្ស ស្របទៅនឹង​ការវិវត្ត​រីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​កម្ពុជា​នាពេលខាងមុខ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​ពី​ការរៀបចំ​ក្រម​បរិស្ថាន ដែលមាន​សារៈសំខាន់ សម្រាប់​ការ​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី គូសបញ្ជាក់​ពី​ការ អភិរក្ស​ធនធានធម្មជាតិ​ដែល​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង និង​បាន​លក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត ហើយ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​យល់ដឹង​និង​ពលរដ្ឋ​បាន​ដើរ​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ​។

​លោកស្រី Alissar Chaker បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ដ៏​មាន​ផ្លែផ្កា​រវាង​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​លើ​វិស័យ​បរិស្ថាន​កន្លងមក ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ជា​វិជ្ជមាន​។
​លោកស្រី​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​កិច្ចការ​ជាច្រើន​ក្នុងនោះ​មាន​យុទ្ធនា​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក ការប្រែប្រួល​អាកាសធាតុ ការអភិរក្ស​ធនធាន​ធម្មជាតិ ការប្រើប្រាស់​ថាមពល​ស្អាត និង​អ​ព្យា​ក្រឹត្យ​ភាព​ផ្នែក​កាបូន​ជាដើម​។ ​លោកស្រី​បាន​គូសបញ្ជាក់ថា កម្ពុជា គឺជា​ដៃគូ​រប​សស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​ជា​ដៃគូ​ប្រកប​​ដោយ​ការទុកចិត្ត និង គោរព​គ្នា​ទៅវិញទៅមក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close