ក្រសួងសាធារណការ៖ គម្រោងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ សម្រេចបាន៨០%ហើយ!
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រគល់-ទទួលសម្ភារៈប្រើប្រាស់ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងទីភ្នាក់ងារJICA តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ នៅថ្ងៃអនាគតក្នុងដំណាក់កាលរីកចម្រើន យើងអាចសហការគ្នាជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI) របស់យើងជាមួយប្រព័ន្ធ ASYCUDA របស់គយ ដើម្បីបង្កភាពងាយ ស្រួលបន្ថែមដល់ធុរកិច្ចជន។
គួរកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ ដែលធ្វើឱ្យបរិមាណនៃការនាំចូល និងការនាំចេញបានកើនឡើងជារៀងរាល់ឆ្នាំ ដែលទាមទារឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារកំពង់ផែជាបន្ទាន់។ បច្ចុប្បន្ននេះកម្ពុជាមានកំពង់ផែធំៗ ចំនួនពីរគឺ៖ កំពងផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់បម្រើសេវាដឹកជញ្ជូនតាម ផ្លូវទឹក ផ្លូវសមុទ្រក្នុងប្រទេស និងអន្តរជាតិ ហើយកំពង់ផែទាំងពីរបានដំណើរការធ្វើបែបបទនាវាចូល-ចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយជួបប្រទះបញ្ហាប្រឈមនៅពេលដែលចំនួននាវា និងទំនិញ កើនឡើងយ៉ាងច្រើននាពេលខាងមុខ។
ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJICAនេះ មានទឹកប្រាក់សរុបប្រមាណ ១២ ២០០ ០០០ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)។ គម្រោងនេះចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២ ០២០ ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការប្រព័ន្ធជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ខាង មុខនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែឱ្យដឹងថា៖ មកដល់ ពេលបច្ចុប្បន្ននេះ គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) សម្រេចវឌ្ឍន ភាពការងារបានប្រមាណ៨០%ហើយ ក្នុងនោះ៖ គម្រោងបានបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីអនុវត្តគម្រោង និងគ្រោងដាក់ឱ្យធ្វើតេស្តសាកល្បងជា៣វគ្គ ដោយសមាជិកគណៈកម្មការធ្វើបែបបទនាវា ចូល-ចេញចាប់ផ្តើមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ក្រោមការបណ្តុះបណ្តាលដោយផ្ទាល់ពីក្រុម ការងារបច្ចេកទេសរបស់ក្រុមហ៊ុន KYOWA EXEO,.inc និងពិនិត្យវាយតម្លៃដោយទីប្រឹក្សានៃក្រុមហ៊ុន Mitsubishi Research Institute, INC និងគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធនៅខែសីហា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។