អ្នកស្រាវជ្រាវ​រកឃើញ​ប្រភេទ​ជីវៈចម្រុះ​កំពុងស្ថិត​ក្នុងការ​សង្ស័យ​ខ្ពស់​ថា​អាចជា​ប្រភេទ​ថ្មី នៅ​តំបន់ភ្នំ​ក្នុង​ខេត្តកំពត​

តាម​ការសិក្សា​ពី​ក្រុម​ជំនាញ​ជីវៈចម្រុះ​នៃ​ក្រសួងបរិស្ថាន​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ភ្នំ​ព្រះ​គុហារ​ហ្លួង និង​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ភ្នំ​ទទុង​-​ភ្នំ​តូច ស្ថិតក្នុង​ខេត្តកំពត មាន​ថនិកសត្វ​ចំនួន​១២​ប្រភេទ ល្មូ​ន​ចំនួន​១៨​ប្រភេទ និង​ថលជលិក (​ក្រុម​កង្កែប​)៨​ប្រភេទ ក្នុងនោះ​៣​ប្រភេទ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ​បំផុត (CR) ២​ប្រភេទ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ (EN) និង​២​ប្រភេទ​ទៀត​ស្ថិតក្នុង​ក្រុម​ប្រភេទ​ងាយ​ទទួលរង​គ្រោះ​(VU) និង​ប្រភេទ​ជាច្រើន​ទៀត​កំពុងស្ថិត​ក្នុងការ​កំណត់​អត្តសញ្ញាណ​តាមបែប​វិទ្យាសាស្ត្រ និង​កំពុងស្ថិត​ក្នុងការ​សង្ស័យ​ខ្ពស់​ថា​អាចជា​ប្រភេទ​ថ្មី ហើយ​ក្រុមការងារ​ក៏បាន​ប្រមូល​សំណាក​មួយចំនួន​សម្រាប់​រក្សាទុក និង​សិក្សា​បន្ត​ផងដែរ​។​

​សូមបញ្ជាក់ថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ជីវៈចម្រុះ សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី និង​សម្បត្តិ​វប្បធម៌​ធម្មជាតិ ជាពិសេស​ភ្នំ​ថ្មកំបោរ និង​ល្អាង​ភ្នំ​ជាច្រើន ទើប​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ចេញ​អនុក្រឹត្យ​ចំនួន​២ គឺ​អនុក្រឹត្យ​លេខ ១២. អនក្រ​.​បក ស្តីពី​ការបង្កើត​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ភ្នំ​ព្រះ​គុហារ​ហ្លួង (​ទំហំ​២៥​ហ​ត​) ស្ថិតក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត និង​អនុក្រឹត្យ​លេខ ១៣. អនក្រ​.​បក ស្តីពី​ការបង្កើត​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ភ្នំ​ទទុង​-​ភ្នំ​តូច (​ទំហំ​៨៣,៤៤​ហ​ត​) ស្ថិតក្នុង​ស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស ខេត្តកំពត​។

​តាម​ការសិក្សា​ស្រាវជ្រាវ ភ្នំ​នេះ​ជាទី​ជម្រក​របស់​សត្វ​ប្រចៀវ​ស៊ី​សត្វល្អិត​រាប់សិប​ម៉ឺន​ក្បាល ដែល​អាច​ផលិត​លាមក​ប្រចៀវ​សម្រាប់​ប្រជាពលរដ្ឋ​យកទៅ​ធ្វើជា​ជីធម្មជាតិ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close