ឯកឧត្តម នេត្រ ភក្ត្រា​៖ មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ មាន​តួនាទី​សំខាន់ ក្នុង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នានា ក្នុងការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​

​នៅក្នុង​ក្របខណ្ឌ​នៃ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​នគរបាល​យុត្តិធម៌​ដើម្បី​ចូលរួម​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ដែល​កើតចេញពី​ផល​នៃ​បទល្មើស​ធនធានធម្មជាតិ ក្រសួងបរិស្ថាន បាន​បន្ត​ចុះ​បណ្តុះបណ្តាល​អំពី​គោលការណ៍​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​ស៊ើបអង្កេត និង​រៀបចំ​សំណុំរឿង​សម្អាង​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ពន្លាត​ចេញពី​បទល្មើស​ដើម​នៃ​បទ​មើ​ស​ធនធានធម្មជាតិ ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន ៩១ រូប​មកពី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ការបណ្តុះបណ្តាល​ដែល​ប្រព្រឹត្តឡើង​នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ នៃ​ក្រសួងបរិស្ថាន និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​របស់ ក្រសួងបរិស្ថាន​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​យន្តការ​និង​ប្រព័ន្ធ​ការងារ​អចិន្ត្រៃយ៍​របស់​ក្រសួងបរិស្ថាន ក្នុងការ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បទល្មើស​នៃ​ការសម្អាត​ប្រាក់​។ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា មន្ត្រីនគរបាល​យុត្តិធម៌ ទាំងអស់​មាន​តួនាទី​សំខាន់​ក្នុង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នានា​ក្នុងការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​។

​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​នៃ​ក្រសួងបរិស្ថាន បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​នីតិវិធី​ប្រតិបត្តិ​ស​ង្ត់​ដារ​សម្រាប់​អនុវត្ត​នៅក្នុង​ការប្រឆាំង​ការសម្អាត​ប្រាក់​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ​ភក្ត្រា បាន​លើកឡើងថា មន្ត្រីនគរបាល​យុត្តិធម៌​នឹងត្រូវ​ពន្លាត​លើ​បទល្មើស​នៃ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុងករណី​រកឃើញថា បទល្មើស​ដើម​នៃ​បទល្មើស​ព្រៃឈើ និង​បទ​ល្មើ​សត្វព្រៃ​ខុសច្បាប់​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​គូសបញ្ជាក់ថា​បច្ចុប្បន្ននេះ បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ​លែង​កើតមាន​ទៀតហើយ គឺ​នៅមាន​បទល្មើស​ខ្នាតតូច​ដែល​យើង​ចាំបាច់​ត្រូវ​បន្ត​ទប់ស្កាត់​និង​បង្ក្រាប​។ ឯកឧត្តម​បាន​ជំ​រុញឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យបាន​ហ្មត់ចត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជាពិសេស​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ​។​

​ក្រសួងបរិស្ថាន​មាន​មន្ត្រីនគរបាល និង​មន្ត្រី​អនុវត្ត​ច្បាប់​សរុប​ជាង ១ ៤២២ នាក់​។ រហូតមកដល់​ពេលនេះ ខេត្ត​ដែលមាន​តំបន់ការពារធម្មជាតិ​ចំនួន ១១ ហើយ​ដែល​មន្ត្រីនគរបាល​យុត្តិធម៌​និង​មន្ត្រី​អនុវត្ត​ច្បាប់​របស់​ក្រសួងបរិស្ថាន​សរុប​ចំនួន ៦៤៧ រូប ទទួលបាន​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើ​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​បទល្មើស​ធនធានធម្មជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close