ខ្លាធំ៤ក្បាល នឹងបញ្ជូនពីឥណ្ឌាមកកម្ពុជា នៅចុងឆ្នាំ២០២៤នេះ

កាលពីនៅរសៀលថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន
បានអញ្ជើញចូលរួមជាអធិបតីភាព ការប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។

ក្នុងនាម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ជា សំអាង បានមានប្រសាសន៍ថា
ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេស សត្វខ្លាធំ ឬសត្វខ្លាដំបង ក្នុងតំបន់ការពារធម្មជាតិ ដែលពពួកទាំងនេះ មានសារៈសំខាន់ និងចាំបាច់ ដើម្បីថែរក្សាការពារសុខមាលភាពជីវៈចម្រុះ និងលំនឹងប្រព័ន្ធអេកូឡូស៊ី ក្នុងទីជម្រកធម្មជាតិ។ សត្វខ្លាធំ គឺជាអត្តសញ្ញាណរបស់ទ្វីបអាស៊ី ដែលវត្តមានតែក្នុងប្រទេសចំនួន១៤ ប៉ុណ្ណោះ ដែលជាទីជម្រករបស់វា ដែលប្រទេសទាំងនោះ រួមមាន៖ រូស្ស៊ី កាហ្សាក់ស្ថាន ចិន ឥណ្ឌា ប៊ូតាន នេប៉ាល់ បង់ក្លាដែស មីយ៉ាន់ម៉ា ថៃ ឡាវឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។មុនឆ្នាំ២០០៨ កម្ពុជាធ្លាប់ឃើញ មានវត្តមានសត្វខ្លាធំរស់នៅក្នុងតំបន់ការពារធម្មជាតិ។

បច្ចុប្បន្ន ត្រូវបានអន្តរជាតិចាត់ជាប្រទេសដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាស្តារសត្វខ្លាធំឡើងវិញដោយ សារ កម្ពុជាមាន សុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ តាមរយៈការបង្កើតផែនការសកម្មភាពសត្វខ្លាធំនៅកម្ពុជា ២០១៥-២០២៤ ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគាំទ្រ ដោយលិខិតចុះថ្ងៃទី២២ ខែមេសាឆ្នាំ២០២០ ក្នុងការស្តារសត្វខ្លាធំជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកនៅតំបន់ខ្ពង់រាបភាគខាងកើត។

កម្ពុជាបានប្រារព្ធទិវាសត្វខា្លធំជារៀងរាល់ឆ្នាំតាំងឆ្នាំ ២០១៦ ហើយការរៀបចំបា្ររព្ធទិវាសត្វខ្លាធំអន្តរជាតិ នៅឆ្នាំនេះ ក្នុងគោលបំណងលើកម្ពស់ការយល់ដឹងដល់សារធាណៈជន និងអន្តរជាតិ អំពីកិច្ចការអភិរក្សសត្វខ្លាធំ និងជីវៈចម្រុះ និងក្នុងឱកាសដែលប្រទេស កម្ពុជាកំពុងដំណើរការនាំយកសត្វខ្លាធំមកលែងក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បាន និងកំពុងសហការជាមួយ ក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌា ក្នុងការនាំយកសត្វខ្លាធំមកកាន់កម្ពុជា តាមរយៈអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ និង ការគ្រប់គ្រងសត្វព្រៃរួមទាំងការស្តារសត្វខ្លាធំ និងទីជម្រកដែលអនុវត្ត ជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២ នៅ រាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Jagdeep Dhankhar អនុប្រធា នាធិបតី នៃសាធារណរដ្ឋឥណ្ឌាក្នុងដំ ណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ជាងនេះទៅទៀតក្រសួងបរិស្ថាន បានកំពុងសហការជាមួយភាគីឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរៀបចំ ផែនការយុទ្ធសាស្ត្រ សម្រាប់ស្តារសត្វខ្លាធំនៅតំបន់ ជួរភ្នំ ក្រវាញ ការសិក្សាចំនួនសត្វរំពារនិងជម្រក កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ការស្តារសត្វធំ ការទប់ស្កាត់ បង្រ្កាប បទល្មើសធនធានធម្មជាតិ ការលើកកំពស់ជីវភាពសហគមន៍ ការកំពស់ការយល់ដឹងពីការអភិរក្សជីវៈចម្រុះ និងសត្វខ្លាធំដល់សហគមន៍មូលដ្ឋានជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close