ការ​ធ្លាក់ចុះ​នូវ​ចំណាត់ថ្នាក់​របស់​សត្វ​អណ្តើក​ភ្នំ​ ​ធ្វើឲ្យ​អ្នក​អភិរក្ស​សម្តែង​ការ​បារម្ភ​

លោក​ ​Michael​ ​Meyerhoff​ ​នាយក​ប្រចាំ​ប្រទេស​ ​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវចម្រុះ​ ​(​ACCB​)​ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​អណ្តើក​ភ្នំ​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​“​ការដែល​អណ្តើក​ភ្នំ​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ខ្លាំង​ ​ប្រឈម​នឹង​ការ​ផុតពូជ​នោះ​ ​គឺ​បន្ទាប់ពី​ក្រុម​ជំនាញ​របស់​អង្គការ​ ​IUCN​ ​បាន​ចុះ​សិក្សា​ ​និង​វាយតម្លៃ​ជាស​កល​ ​នៃ​ការ​ថយ​ចុះ​នូវ​ចំនួន​សត្វ​ប្រភេទ​នេះ​ជាង៨០ភាគរយ​ ​ក្នុង​ចន្លោះ​ពេល៩០ឆ្នាំ​ចុងក្រោយ​នេះ​ ​ហើយ​មូលហេតុ​ចម្បង​បំផុត​គឺ​មក​ពី​ការបាត់បង់​ព្រៃ​ដែល​ជាទី​លំនៅ​ ​និង​ការ​ជួញដូរ​”​។​

​លោក​បាន​បន្ត​ថា​ ​ច្រើនជាង៥០ភាគរយ​ ​នៃ​ពពួកសត្វ​អណ្តើក​ជាង៣៦០ប្រភេទ​នៅ​ទូទាំង​ពិភពលោក​ ​និង១៤ប្រភេទ​នៅ​ប្រទេស​កម្ពុជា​ ​កំពុងតែ​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ ​ហើយ​អាច​ប្រឈម​នឹង​ការ​ផុតពូជ​ ​នៅពេល​ខាងមុខ​។​

​លោក​បាន​បន្ថែម​ថា​ ​នៅក្នុង​ប្រទេស​ប្រទេស​កម្ពុជា​ ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​អណ្តើក​ភ្នំ​ ​គឺ​ដោយសារ​កត្តា​ជាច្រើន​ ​ក្នុង​នោះ​កត្តា​ចម្បង​បំផុត​គឺ​ការបាត់បង់​ទីជម្រក​ ​ការបាត់បង់​ជីវៈ​ចម្រុះ​ ​និង​ការ​ជួញដូរ​ ​ហើយ​ទម្លាប់​ ​និង​ជំនឿ​នៃ​ការទិញ​អណ្តើក​ដើម្បី​ព្រលែ​ង​ ​ដើម្បី​រំដោះគ្រោះ​ ​ឬ​បានបុណ្យ​នោះ​ក៏​ជា​កត្តា​ដែល​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​ផង​ដែរ​ ​ដោយ​អ្នកលក់​ ​ឬ​ក្រុម​ជួញដូរ​ ​នឹង​បន្ត​ចាប់​ ​និង​ដាក់អន្ទាក់​កាន់តែ​ច្រើន​ឡើង​ៗ​ ​បើ​ទោះជា​អណ្តើក​ភ្នំ​ ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ​។​

​អណ្តើក​ភ្នំ​ ​ឬ​អណ្តើក​ព្រិច​ ​គឺជា​ប្រភេទ​អណ្តើក​ដែល​មាន​មាឌតូច​ ​ហើយ​អណ្តើក​ពេញវ័យ​មាន​ទម្ងន់​មិន​ ​លើស​ពី៣.៥គីឡូក្រាម​ ​ដោយ​អណ្តើក​ញី​ ​មាន​មាឌធំ​ជាង​អណ្តើក​ឈ្មោល​ ​ហើយ​អណ្តើក​ពេញវ័យ​អាច​បន្ត​ពូជ​បាន​នៅពេល​មាន​អាយុ​ពី៦​ ​ទៅ៨ឆ្នាំ​។​ ​អណ្តើក​ប្រភេទ​នេះ​ ​ត្រូវ​បាន​ប្រទះឃើញ​នៅ​តំបន់​ជួរភ្នំ​ក្រ​វ៉ា​ញ​ ​និង​តំបន់​ទំនាប​ភាគ​ខាងត្បូង​ ​និង​ភាគ​ខាងជើង​ ​នៃ​ដងទន្លេ​មេគង្គ​ ​ហើយ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​ ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ខ្លាំង​ ​ប្រឈម​នឹង​ការ​ផុតពូជ​ ​ដោយ​អង្គការ​ ​IUCN​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close