នៅចុងឆ្នាំនេះ មន្ត្រីអធិការកិច្ចក្រសួងសុខាភិបាលនឹងចុះធ្វើអធិការកិច្ចផាកពិន័យ ទៅលើរាល់ករណីល្មើសច្បាប់ ទាក់ទងនឹងការប្រើប្រាស់ផលិតផលថ្នាំជក់
នៅចុងឆ្នាំនេះ មន្ត្រីអធិការកិច្ចនៃក្រសួងសុខាភិបាលនឹងចុះធ្វើអធិការកិច្ច និងផាក ពិន័យទៅលើរាល់ករណីល្មើសទៅនឹងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់កម្ពុជា ក៏ដូចជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹង ការផ្សព្វផ្សាយ ការតាំងលក់ផលិតផលថ្នាំជក់លើទីផ្សាររបស់ក្រុមហ៊ុនថ្នាំជក់មិនត្រឹមត្រូវ ការមិនមានបិទបម្រាម ក៏ដូចជាការជក់បារីរបស់បុគ្គលបំពានមិនគោរពទៅតាមបម្រាម ហាមឃាត់ ការជក់បារី នៅតាមទីកន្លែងផ្សេងៗជាដើម។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បី សុខភាពកម្ពុជា បានបញ្ជាក់ថា បារីមិនគ្រាន់តែធ្វើឱ្យអ្នកប្រើប្រាស់ផ្ទាល់ស្លាប់នោះទេ សូម្បីអ្នកដែលនៅជិតខាងស្រូបផ្សែងបារីពីគេ ក៏បណ្តាលឱ្យមានការប៉ះពាល់ដល់សុខភាព និងស្លាប់ដូចគ្នា។
លោកនាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបន្ថែមថា អ្នកប្រើប្រាស់ផលិតផលថ្នាំជក់ប្រឈមនឹងការកើតជំងឺមហារីក និងជំងឺផ្សេងៗច្រើនទៀត។ ប្រជាពលរដ្ឋកម្ពុជាចំនួន៣០នាក់ បានស្លាប់ក្នុងមួយថ្ងៃដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។ មូលហេតុនេះហើយដែលទាមទារឲ្យអ្នកលក់បារីលើ ទីផ្សារត្រូវតែគោរពទៅតាមច្បាប់កំណត់ បារីដាក់លក់ត្រូវតែមានបិទតែមពន្ធ និងមានបោះពុម្ពសារព្រមានសុខភាពជារូបភាព និងអក្សរឱ្យបានត្រឹមត្រូវលើកញ្ចប់ផលិតផលថ្នាំជក់ ក្នុងបំណងបង្កើនចំណូលពន្ធរដ្ឋមកអភិវឌ្ឍន៍វិស័យផ្សេងៗផង និងកាត់បន្ថយអត្រាស្លាប់ ដោយសារប្រើប្រាស់ថ្នាំជក់ផងដែរ។
លោក ញ៉ិល ដារាវុធ នាយកប្រតិបត្តិអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឱ្យ អនុវត្តន៍តាំងពីឆ្នាំ២០១៥ រហូតបច្ចុប្បន្នមកដល់បច្ចុប្បន្ននេះ។ លោកថា យើងចាំមើលថា ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងនោះបានអនុវត្តន៍យ៉ាងដូចម្តេចពាក់ព័ន្ធនឹងច្បាប់នេះ។
លោកថា បើ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា អ្នកស្លាប់កាលពីឆ្នាំមុខ ដោយសារប្រើប្រាស់ផលិតផលថ្នាំជក់៧លាននាក់ ប៉ុន្តែនៅឆ្នាំនេះកើនដល់ ៨លាននាក់នៅ លើពិភពលោក។ ចំណែកអ្នកដែលស្លាប់ដោយសារស្រូបផ្សែងបារីពីគេកើនដល់ ១លាន ២សែននាក់ មានន័យថាតួលេខកើនខ្ពស់ជាងឆ្នាំមុន។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុនមានអ្នកស្លាប់ដោយសារប្រើប្រាស់ផលិតផលថ្នាំជក់ជាង ១ម៉ឺននាក់ តែនៅឆ្នាំ នេះអ្នកស្លាប់កើនដល់១៥០០០នាក់ក្នុងមួយឆ្នាំ ដែលបញ្ហានេះយើងត្រូវតែរួមគ្នាជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់មានប្រសិទ្ធ ភាព ដើម្បីកាត់បន្ថយអត្រាស្លាប់ដោយសារការជក់បារីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។