ទឹកជំនន់ និងបាក់ដី កើតឡើង នៅភាគកណ្តាល ឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សភៀសខ្លួនកាន់តែច្រើន

គ្រោះទឹកជំនន់នឹងបាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង​នៅ ខេត្ត​ Sulawesi ​ប្រទេសឥណ្ឌូនេស៊ី​បណ្តាលឲ្យពលរដ្ឋជាច្រើនត្រូវភៀសខ្លួនចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាព​។
ប្រធានផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកដឹកជញ្ជូន របស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងស្រុក លោក Djasmidin Djamal បានថ្លែងថា ចាប់តាំងពីថ្ងៃទី២ ខែមិថុនា មកទល់ពេលនេះ ទឹកជំនន់នៅតែបន្តជន់លិច នៅស្រុក Konawe Utara ដដែល។
យោងតាមភ្នាក់ងារសង្គ្រោះបន្ទាន់ខាងលើនេះ បានឲ្យដឹងថា មនុស្សចំនួន ៩ ៦០៩ នាក់ បានភៀសខ្លួនទៅរកទីទួល មានសុវត្ថិភាព ។
លោកបានថ្លែងថា “ចំនួនជនរត់ភៀសខ្លួនបានកើនឡើងរហូតដល់ជិត ១០.០០០ នាក់ហើយ ពួកគេបានទទួលជំរកក្រោមដំបូលប្រក់តង់បណ្តោះអាសន្ន, នៅតាមអគាររដ្ឋាភិបាល និងផ្ទះសាច់ញាតិរបស់ពួកគេ” ។
ការជម្លៀសខ្លួន មានប្រហែល៥ ៧០៣នាក់ប៉ុណ្ណោះ កាលពីថ្ងៃទី១២ ខែមិថុនា ។ ជាច្រើនថ្ងៃកន្លងមកហើយ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យដងទន្លេ Landu, Walasola និងទន្លេLandawe ជន់លិចច្រាំង ហូរចូលទៅកាន់ភូមិស្រុករបស់អ្នកភូមិ ។
លំនៅឋានប្រហែល៣៧០ខ្នងត្រូវទឹកជំនន់ ហូរកួចនាំយកទៅជាមួយ ហើយបានកើនឡើងរហូតដល់២០២ខ្នង ។ មនុស្ស ១៨ ៧៦៥នាក់ប៉ះពាល់នៅក្នុងស្រុក Konawe Utara ។ មន្ត្រីបានបញ្ជាក់ថា ឥឡូវនេះ បញ្ហាកំពុងប្រឈមធ្ងន់ធ្ងរទៅលើអ្នកជម្លៀសខ្លួនដោយទឹកជំនន់ទាំងនោះ គឺបញ្ហាគ្រុនក្តៅ ។
ទឹកជំនន់នេះបានបំផ្លាញស្ពាន៤កន្លែង, ផ្លូវជាច្រើនខ្សែ, និងអគារសាលារៀនជាច្រើនខ្នង ព្រមទាំងវិហារសាសនា ។ ផ្ទៃដីដំណាំកសិកម្មប្រហែល៩៧០ ហិកតាខូចខាត និងស្រះចិញ្ចឹមត្រីជាច្រើនត្រូវលិចលង់ ។
ជាញឹកញាប់ប្រទេសឥណ្ឌូនេស៊ីតែងតែរងនូវការវាយប្រហារពីគ្រោះធម្មជាតិ បាក់ដី ទឹកជំនន់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ព្រមទាំងបាត់បង់អាយុជីវិតប្រជាជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close