ក្រុមហ៊ុនផលិតយន្តហោះអាមេរិក ប៊ូអ៊ីនរងការប្តឹងពីអាកាសយានិក

កន្លងមក មានអ្នកដំណើរជាច្រើន ក៏ដូចជាបណ្តាក្រុមហ៊ុន អាកាសចរណ៍នានាជុំវិញពិភពលោកបានប្តឹងទៅលើក្រុមហ៊ុន ផលិតយន្តហោះអាមេរិក ប៊ូអ៊ីន សងនៅការខាតបង់ដោយសារតែផ្អាក់ហោះហើរ ។
នៅពេលនេះបណ្តាអាកាសយានិក បើកបរប្រភេទយន្តហោះ Boeing 737​ MAX ​បង្ហាញការខកចិត្តយ៉ាងខ្លាំង ក្រោយក្រុមហ៊ុន បានលាក់បាំងនៅកំហុស បច្ចេកទេសនៃយន្តហោះប្រភេទ 737 MAX​ បណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។ នៅពេលនេះអាកាសយានិកបានប្តឹង ក្រុមហ៊ុន ប៊ូអ៊ីន​ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ របស់អាកាសយានិក​។
សារព័ត៌មានABC របស់អូស្ត្រាលីបានផ្សាយថា មានក្រុមអាកាសយានិក៤០០នាក់ បានចុះហត្ថលេខាលើពាក្យបណ្តឹង ប្ដឹងក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក ដែលបានលាក់បាំង ពីកំហុសបច្ចេកទេសរបស់ប្រភេទយន្តហោះ 737 MAX បណ្តាលឲ្យមានគ្រោះថ្នាក់ផ្ទួនៗគ្នាបែបនេះ។
ប្រភពព័ត៌មានពីតុលាការ បានឲ្យដឹងថា ក្រុមអាកាសយានិក ដែលបានបណ្តុះបណ្តាលសម្រាប់ការបើកបរយន្តហោះ 737 MAX បានដាក់ពាក្យបណ្តឹង ប្ដឹងទៅលើក្រុមហ៊ុន ដែលធ្វើឲ្យប៉ះពាល់ដល់ស្មារតីរបស់អ្នកបើកបរ ក្រោយក្រុមហ៊ុនជាច្រើនបានសម្រេច ផ្អាកការហោះហើរប្រភេទយន្តហោះខាងលើនេះ។
ដោយឡែកអាកាសយានិក បានចោទប្រកាន់ក្រុមហ៊ុន Boeing ថា បានព្យាយាមបិទបាំងពីកំហុសរបស់ 737 MAX ទើបបណ្តាលឲ្យយន្តហោះប្រភេទទាំងពីរនេះ ជួបគ្រោះថ្នាក់ ដូចៗគ្នា ដោយបានសម្លាប់មនុស្សជាង៣០០នាក់។ រីឯក្រុមហ៊ុនអាកាសចរណ៍ នៅជុំវិញពិភព ក៏បានសម្រេចផ្អាកការហោះហើរប្រភេទយន្តហោះនេះ ដោយសារខ្លាចមានគ្រោះថ្នាក់ កើតឡើងជាបន្តទៀត ។
សវនាការកាត់ក្តី ជាលើកដំបូងនឹងត្រូវធ្វើឡើង នៅក្នុងតុលាការទីក្រុង ជីកាហ្គោ អាមេរិក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ខាងមុខ។ ប្រភេទយន្តហោះខាងលើនេះ ត្រូវបានអាមេរិកផ្អាកការហោះហើរទាំងស្រុង ក៏ដូចជា បណ្តាប្រទេសផ្សេងៗ ត្រូវតែផ្អាកផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close