អាមេរិកនឹងវាយប្រហារ បើអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះអាមេរិក១គ្រឿងទៀត
តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ បានស្នើដល់មន្ទីបញ្ចកោណអាមេរិក និងប្រធានាធិបតីដូណាលត្រាំ បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ប្រសិនបើ ប្រទេសនេះនៅតែបាញ់ទម្លាក់យន្តហោះរបស់អាមេរិកនោះ។
សារព័ត៌មាន Wall Street Journal បានផ្សាយថា ការសម្រេចមិនវាយប្រហារអ៊ីរ៉ង់នាពេលកន្លងមក របស់លោកត្រាំធ្វើឲ្យ មន្ត្រីជាច្រើនក្នុងគណបក្សសាធារណរដ្ឋមិនពេញចិត្តឡើយ។ ដោយមហាអំណាចអាមេរិកទុកឲ្យអ៊ីរ៉ង់គំរាមកំហែងបាន។
ប៉ុន្តែទាំងមន្ត្រីអាមេរិក និងប្រធានាធិបតីបានប្តេជ្ញាថា បើមានលើកទីពីរ អ៊ីរ៉ង់និងត្រូវវិនាសជាមិនខាន។ អាមេរិកមិនទុកឲ្យអ៊ីរ៉ង់គំរាមតបវិញបែបនេះទៀតឡើយ។ ជាមួយគ្នានោះអ៊ីរ៉ង់បានព្រមានថា បើយន្តហោះគ្មានមនុស្សបើក ឬយន្តយោធាអាមេរិក ចូលបំពានទឹកដីអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតិនោះ អ៊ីរ៉ង់និងបាញ់ទម្លាក់ជាបន្តទៀត។
នៅពេលនេះអាមេរិកបានបង្កើន ចំនួនទាហាននិងនាវាចម្បាំងទៅកាន់មជ្ឈិបូព៌ា ទប់ស្កាត់អ៊ីរ៉ង់។អាមេរិក បានសម្រេចបញ្ជូននាវាចម្បាំង និងកងទ័ពជើងទឹកវាយលុករបស់ខ្លួនបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលស្ថានការណ៍កំពុងតែតានតឹងដាក់គ្នា រវាងអាមេរិក និងអ៊ីរ៉ង់ ក្រោយពេលបាញ់ទម្លាក់យន្ដហោះស៊ើបយកការណ៍គ្មានមនុស្សបើកបររបស់អាមេរិក (ដ្រូន)។
ទីបញ្ជាការកងទ័ពអាមេរិក CENTCOM បានប្រកាសថា ក្រុមនាវាចម្បាំងវាយលុក Boxer និងកម្លាំងទាហានជើងទឹកវាយឡើងគោក បានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយនឹងកងពលលេខ៥ ប្រចាំការ នៅតំបន់មជ្ឈិមបូព៌ា។
ក្រុមនាវាចម្បាំងដែលអាមេរិកបញ្ជូនទៅ រួមមាន នាវា USS Boxer នាវាដឹកជញ្ជូន USS John P Murtha នាវាវាយឡើងគោក USS Harpers Ferry ។ ក្រុមនាវាខាងលើ នឹងជំនួសនាវាវាយឡើងគោក Kearsarge ដែលធ្វើសកម្មភាព នៅតំបន់នោះ កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅ។
បើតាមគេហទំព័ររបស់កម្លាំងកងទ័ពជើងទឹកអាមេរិក USNI news បានផ្សាយថា វត្តមានរបស់ក្រុមនាវាចម្បាំង Boxer នេះ នឹងធ្វើឲ្យចំនួនទាហានរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា កើនឡើង រហូតដល់ទៅ២៨ពាន់នាក់ គឺច្រើនជាតំបន់នានាទាំងអស់។ នៅតំបន់អាស៊ី មានទាហានអាមេរិក ត្រឹមតែ ២៤ពាន់នាក់ប៉ុណ្ណោះ។
កន្លងមក អាមេរិកបានបញ្ជូននាវាចម្បាំង និងនាវាផ្ទុកយន្តហោះ USS Abraham Lincoln ហើយយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 រួមទាំងមីស៊ីល Patriot ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីគំរាមដល់ប្រទេសអ៊ីរ៉ង់។ កម្លាំងទាហានអាមេរិកទាំងអស់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា សុទ្ធតែបានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ គ្រប់ពេលវេលា ដោយគ្រាន់តែរង់ចាំនូវបញ្ជាពីលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។