ផ្ទុះភ្នំភ្លើង Mount Dukono ឥណ្ឌូនេស៊ីបង្ខំអាកាសយានដ្ឋាន ២កន្លែងត្រូវបិទទ្វារ
ផ្សេងផេះ គ្រប់ដណ្តបើនៅលើអាកាស តំបន់ភាគខាងកើត រដ្ឋ Maluku ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជើងហោះហើរនានា នៅក្នុងប្រទេសនេះ និងអន្តរជាតិ ។ ដើម្បីសវុត្ថិភាព មន្ត្រីអាកាសចរណ៍បានសម្រេចបិទអាកាសយានដ្ឋាន២កន្លែង នៅភាគខាងកើត ប្រទេសនេះ។
អាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថា ការផ្ទុះភ្នំភ្លើង Mount Dukonoបង្ខំឲ្យ អាកាយានដ្ឋាន Leo Wattimena ស្ថិតនៅលើដែនកោះ Marotai និងអាកាសយានដ្ឋាន Gamarlamo Galela ស្ថិតនៅតំបន់ Halmahera Utara ត្រូវបានប្រកាសឲ្យផ្អាកដំណើរការហោះហើរជាបណ្តោះអាសន្ន ។
សារព័ត៌មាន Wing Air បានផ្សាយថា អាជ្ញាធរអាកាសចរបានបិទអាកាសយានដ្ឋាន Leo Wattimena ចាប់ពីម៉ោង៨និង៥៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃចន្ទ ទី២៤ ខែមិថុនា រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃពុធ ទី២៦ ខែមិថុនា ។ ក្រុមហ៊ុន Wing Air បានលុបចោលជើងហើររបស់ខ្លួនទាំងទៅ និងត្រឡប់មកវិញ នៅអាកាសយានដ្ឋានខាងលើនេះដែរ។
លោក Ahmad Saifudin ប្រធានអាកាសយានដ្ឋាន Gamarlamo Galela បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមិថុនាថា អាកាសយានដ្ឋានបានបិទទ្វារតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មកម្ល៉េះ ដោយសារ ផេះភ្នំភ្លើង ។ លោកថា «ផេះហុយចេញពីភ្នំភ្លើង Mount Dukono គឺគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការហោះហើរ»។
កាលពីខែមីនា និងខែមេសា ឆ្នាំ២០១៩ អាកាសយានដ្ឋាន Leo Wattimena ធ្លាប់បានបិទផងដែរ ដោយសារតែការផ្ទុះភ្នំភ្លើងដូចគ្នា ។
ភ្នំភ្លើង Mount Dukono បានកម្រើកខ្លួន ដល់ចំណុចប្រកាសអាសន្ន កម្រិតទី៣ ជាកម្រិតខ្ពស់បំផុត ដែលមិនអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងកាត់ ឬចូលទៅក្បែរភ្នំភ្លើងនោះចម្ងាយ២០០ម៉ែត្រ ។ នេះបើតាមភ្នាក់ងារភ្នំភ្លើងរបស់ឥណ្ឌូនេស៊ី ។
ភ្នំភ្លើង Mount Dukono ជាភ្នំភ្លើងរស់មួយ ក្នុងចំណោមភ្នំភ្លើងរស់ទាំងអស់១២៩ភ្នំភ្លើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ឥណ្ឌូនេស៊ី ជាប្រទេសប្រជុំទៅដោយដែនដីកោះតូចៗ ជាក់ស្តែងប្រទេសនេះ មានដីកោះរហូតដល់ ១៧,៥០០កន្លែង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។