Madagascar៖ប្រជ្រៀតជាន់លើគ្នាស្លាប់និងរបួសជាង​១០០នាក់

ទិវាឯករាជ្យជាតិ របស់ប្រទេស​ Madagascar ​ក្លាយទៅជាទុក្ខសោក ដោយសាតែមានហេតុការប្រជ្រៀតជាន់លើគ្នា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាង​១០០នាក់ នៅក្នុងពហុកីឡដ្ឋានដែលជាកន្លែងរៀបចំពិធី ទិវាឯករាជ្យជាតិ​។

យ៉ាងហោចណាស់ក៏មានមនុស្ស ១៦នាក់ស្លាប់ក្នុងនោះមានកុមារ​៣នាក់ និងរាប់សិបនាក់រងរបួស នៅមុខពហុកីឡដ្ឋាន​ Mahamasima ក្នុងរដ្ឋធានី​ Antananarivo ​របស់ប្រទេស Madagascar ​ដោយការប្រជ្រៀតជាន់លើគ្នា ក្នុងពិធី ប្រគំតន្រ្តី​ នាឱកាសបុណ្យឯករាជ្យជាតិ នាថ្ងៃទី​២៦ខែមិថុនា។
តាមការប្រកាសរបស់អគ្គនាយក គ្រប់គ្រងពហុកីឡដ្ឋាន លោក​ Alison Oliva Rakoto ​បានបញ្ជាក់ថា ការប្រជ្រៀតជាន់លើគ្នា បណ្តាលឲ្យមានអ្នករងរបួសដល់ទៅជាង​៨០នាក់ និងស្លាប់​១៦នាក់ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រជ្រៀត ចូលទៅកាន់ពហុកីឡដ្ឋានដើម្បីចូលទស្សនាការប្រគំតន្ត្រី​ ក្រោយដង្ហែរក្បួនព្យុហយាត្រា​។

កាលពីខែកញ្ញាឆ្នាំ​២០១៨ នៅក្នុងប្រទេសតំបន់អាហ្វ្រិក Madagascar មួយនេះ ក៏មានហេតុការប្រជ្រៀតជាន់លើគ្នា បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់និង​៣០នាក់រងរបួស ផងដែរ​។ ហេតុការកើតឡើងក៏នៅមុខពហុកីឡដ្ឋាន​ ដូចគ្នា ដោយពេលនោះគឺការប្រកួតបាលទាត់រវាងក្រុមជម្រើសជាតិ Madagascar និង Senegal ។
កាលពី​៣ឆ្នាំមុន មានហេតុការផ្ទុះគ្រាប់បែកកែឆ្នៃ ក្នុងទិវាឯករាជ្យ សម្លាប់មនុស្ស ៣នាក់​និង១០០នាក់រងរបួស នៅក្នុងពហុកីឡដ្ឋានជាតិ Madagascarដូចគ្នា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close