លោកត្រាំ ទទួលបានការសរសើរ ពីសហគមន៍អន្តរជាតិ តែរងការថ្កោលទោស ពីអ្នកនយោបាយអាមេរិក

សកម្មភាពរបស់លោកត្រាំទៅជួបមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនរងការថ្កោលទោសយ៉ាងខ្លាំងពីអ្នកនយោបាយអាមេរិក ។ប៉ុន្តែលោកទទួលបានគារសរសើរយ៉ាងខ្លាំងពីបណ្តាមេដឹកនាំនៅជុំវិញពិភពលោក ដោយចាត់ទុកទាំងនោះជាសញ្ញាសន្តិភាព​។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជិត​៧០ឆ្នាំកន្លងមក ដោយលោកត្រាំបានឈានជើងចូលក្នុងទឹកដីកូរ៉េខាងជើងបាន​២០ ជំហាននៅតំបន់ព្រំដែន​កូរ៉េទាំងពីរ​។ កន្លងមកមានតែអតីតប្រធានាធិបតីអាមេរិក ប៉ុណ្ណោះ ចូលទៅកាន់កូរ៉េខាងជើង ចំណែកប្រធានាធិបតីកំពុងតែកាន់អំណាចមិនដែលចូលទៅឡើយ។
ប៉ុន្តែជំហានប្រវត្តិសាស្ត្រ នោះ ទទួលរងការ​ប្រឆាំងថ្កោលទោស ក៏ដូចជាកោតសរសើរជាច្រើនផងដែរ​។​
បណ្តាបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ បានថ្កោលទោសយ៉ាងខ្លាំង ដល់ដំណើរទស្សនកិច្ចទៅកាន់ ព្រំដែន DMZ នៅឧបទ្វីបកូរ៉េ ។សារព័ត៌មាន​រ៉យទ័របានដកស្រង់សម្តី​មន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្ស ប្រជាធិបតេយ្យ ​បានបញ្ជាក់ថា ប្រធានាធិបតីត្រាំ មិនខុសឡើយពេលនិយាយជាមួយ សត្រូវអាមេរិក ក្នុងនោះមានមេដឹកនាំកូរ៉េខាងជើង ។ប៉ុន្តែជំនួបពិភាក្សានោះ ចំបាច់ត្រូវតែ រៀបចំឲ្យបានល្អិតល្អន់ ​នឹងមានផែនការនយោបាយច្បាប់លាស់ ពឹងផ្អែកទៅលើដំណើរសំសាយអាវុធបរមាណូរបស់កូរ៉េខាងជើង ។
មន្ត្រីអាមេរិកជាច្រើន រូបទៀត​ក្នុងនោះមាន​ទាំង Elizabeth Warren, Bernie Sanders , Kamala Harris បានថ្កោលទោសលោកត្រាំ ថាធ្វើឲ្យបាត់បង់ឥទ្ធិពលរបស់អាមេរិក ពិសេស ធ្វើឲ្យក្រសួងការបរទេសអាមេរិកចុះខ្យោយ​។ មន្ត្រីអាមេរិកបានលើកឡើងថា ប្រសិនបើយើងចង់បានសន្តិភាពឲ្យពិភពលោក យើងចំបាច់ត្រូវតែមានក្រសួងការបរទេសរឹងមាំ ជំរុញកិច្ចពិភាក្សា តាមរយៈកិច្ចការបរទេស។
ប៉ុន្តែចំពោះបណ្តាប្រទេសជុំវិញពិភពលោក​វិញ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់សកម្មភាព របស់ប្រធានាធិបតីអាមេរិកដែលបានទៅកាន់ព្រំដែនជួបជាមួយ គីម ជុងអ៊ុន ជាជំហានជួយដល់ឧបទ្វីបកូរ៉េទទួលបានសន្តិភាព​ ក៏ដូចពិភពលោកទាំងមូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close