ពលរដ្ឋវេណេហ្ស៊ុយអេឡា ជាង៥ពាន់នាក់ស្លាប់ដោយវិវាទនយោបាយ
ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាមានសញ្ញាល្អប្រសើរជាងមុនដោយសាតែ ក្រុមប្រឆាំង និងរដ្ឋាភិបាលបានយលព្រមអង្គុយតុពិភាក្សាគ្នាស្វែងរកដំណោះស្រាយដោយសន្តិភព ។ ប៉ុន្តែរយៈពេលពីឆ្នាំ២០១៨មក កម្លាំងសន្តិសុខបានសម្លាប់ពលរដ្ឋជាង៥ពាន់នាក់ដែលប្រឆាំងរដ្ឋាភិបាល។
តាមរបាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ថា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា អំឡុងពេលប្រតិបត្តិការដោយកងកម្លាំងសន្តិសុខ កាលពីឆ្នាំ២០១៨ បានសម្លាប់មនុស្សជិត៥,៣០០នាក់ ដែលទាក់ទងករណីជាច្រើនប្រឆាំងនឹងអាជ្ញាធររដ្ឋាភិបាល ។ គេក៏បានថ្កោលទោសផងដែរ ចំពោះការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ដែលមានចំនួនកាន់តែកើនឡើងគួរឲ្យតក់ស្លុតនេះ ។
លោកស្រី Michelle Bachelet ដែលជាប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញរបាយការណ៍នេះ បន្ទាប់ពីបានផ្តោតទៅលើដំណើរទស្សនកិច្ចរយៈពេលវែងរបស់លោកស្រី ទៅកាន់ប្រទេសអាមេរិកខាងត្បូងមួយនេះ, ការធ្វើសម្ភាសន៍ជាង៥៥០លើក ដោយការិយាល័យរបស់លោកស្រី ជាមួយក្រុមការពារសិទ្ធិមនុស្ស, ការធ្វើសម្ភាសន៍ជាមួយជនរងគ្រោះ, ជាមួយសាក្សីឃើញហេតុការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្ស ព្រមទាំងប្រភពដទៃផ្សេងទៀតជាដើម ។
របាយការណ៍បញ្ជាក់ថា អាជ្ញាធររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានសម្លាប់មនុស្ស ៥,២៨៧នាក់ អំឡុងពេលប្រតិបត្តិការដោយកងកម្លាំងសន្តិសុខ ពាក់ព័ន្ធករណីប្រឆាំងជាមួយអាជ្ញាធរ និងបូករួមបន្ថែមទៀត សម្លាប់មនុស្ស១៥៦៩នាក់ នៅក្នុងឆ្នាំ២០១៩នេះ គិតមកដល់ថ្ងៃទី១៩ ខែឧសភា ។ គេបានដកស្រង់តួលេខដោយឡែក ធ្វើឡើងដោយក្រុមសង្កេតការអំពើហិង្សានៅវេណេហ្ស៊ុយអេឡា ដែលបញ្ជាក់ថាយ៉ាងតិច មនុស្ស៧,៥២៣នាក់ត្រូវបានសម្លាប់កាលពីឆ្នាំមុន បូករួមនៅក្នុងឆ្នាំ២០១៩នេះ ពីខែមករា ដល់ខែឧសភា សម្លាប់មនុស្សយ៉ាងតិច២,១២៤នាក់ផងដែរ ពាក់ព័ន្ធករណីដូចគ្នា ប្រឆាំងអាជ្ញាធររដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។