តាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានឈានដល់កិច្ចព្រមព្រៀងឆ្ពោះទៅរកសន្តិភាព

បុគ្គលដែលមានអំណាច នៅអាហ្វហ្គានីស្ថាន បានបញ្ចប់កិច្ចពិភាក្សា ជាមួយក្រុមតាលីបង់នៅ​ទីក្រុង Doha ប្រទេសកាតា ​។ សារព័ត៌មាន AFP ​បានផ្សាយថា កិច្ចពិភាក្សាបានបញ្ចប់​ដោយបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ឆ្ពោះទៅរកសន្តិភាព ។


នៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រុមឧទ្ទាមតាលីបង់​បានដោះលែង កម្លាំងសន្តិសុខ​​៤០នាក់ដែលក្រុមនេះបានចាប់ខ្លួននាពេលកន្លងមក ។ អ្នកនាំពាក្យមួយរូប​ របស់កងកម្លាំងទាហាន​ប្រចាំនៅតំបន់ខាងជើង​​អាហ្វហ្គានីស្ថាន ឈ្មោះ Abdul Hadi Jamal បានថ្លែងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ថា ក្រុមឧទ្ទាមតាលីបង់​បានដោះលែង​កងកម្លាំងសន្តិសុខ​៤០នាក់ ពីមន្ទីរឃុំឃាំង​របស់ពួកគេ ដែលស្ថិតនៅ​ភាគខាងជើងខេត្ត Jawzjan ។
លោក ​Jamal បានថ្លែងថា ក្រុមសន្តិសុខ​៤០នាក់នោះ ភាគច្រើន​ជាប៉ូលិស ត្រូវបានដោះលែង​ពីកន្លែងឃុំខ្លួន​របស់ពួក តាលីបង់​ នៅខេត្ត Jawzjan ទីក្រុង Shiberghan កាលពីថ្ងៃរសៀល ទី៧ ខែកក្កដា ឆ្នាំ២០១៩ ។
នេះជាលើកទីពីរហើយ ដែល​កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ​ត្រូវបានដោះលែង​ពីខេត្ត Jawzjan ក្នុងអំឡុង​ពេល​សប្តាហ៍កន្លងមក ។ កាលពីពេលមុននោះ ក្រុមឧទ្ទាម​ក៏បានដោះលែង​កម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន​៤២នាក់ផងដែរ ។ កម្លាំងសន្តិសុខទាំងនោះ ​ត្រូវពួកឧទ្ទាមចាប់ខ្លួន​នៅក្នុងស្រុក Qush Tepa ខេត្ត Jawzjan របស់អាហ្វហ្គានីស្ថាន ។ កម្លាំងសន្តិសុខប្រហែល​៩០​នាក់​ដែលស្ថិតនៅ​បន្ទាយ​ក្នុងស្រុក Qush Tepa ត្រូវក្រុមឧទ្ទាមចាប់ខ្លួន​​​កាលពីពេលកន្លងមក ។


សូមបញ្ជាក់ថា ករណីដោះលែងនេះ​ បានកើតឡើង ខណៈដែលកិច្ចពិភាក្សា​សន្តិភាពរយៈពេល២ថ្ងៃ ​បាននិងកំពុង​កើតឡើង​នៅទីក្រុង Doha ប្រទេសកាតារ​ រវាង​ផ្នែកពាក់ព័ន្ធពីគ្រប់ភាគី​​ក្នុងជម្លោះ​នៅអាហ្វហ្គានីស្ថាន ។ មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយ​សម្រេចឡើងនៅឡើយទេ ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​បានប្រកាសផងដែរ​ ដោះលែង​អ្នកទោស​តាលីបង់​ប្រហែល​៩០០នាក់​ពីមន្ទីរឃុំឃាំង កាលពីមួយខែកន្លងទៅ ដើម្បីជួយឲ្យកាន់តែប្រសើរឡើង​កិច្ចចរចាសន្តិភាព​ បញ្ចប់សមរភូមិ​រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ​និងក្រុមឧទ្ទាមតាលីបង់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close