ខ្យល់ព្យុះភ្លៀងធ្លាក់ខ្លាំងបង្កទឹកជំនន់ជាច្រើននៅបណ្តាប្រទេសអាស៊ី
រដូវវស្សាឈានចូលមកដល់ ព្យុះ ភ្លៀង សម្ពាធទាប ស៊ីតណ្ហាភាពបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់គ្រប់ដណ្តប់ប្រទេសជាច្រើន ក្នុងតំបន់អាស៊ី ក្នុងនោះមានវៀតណាម ថៃ ឥណ្ឌា …ជាដើម។
នៅពេលនេះតំបន់ភាគខាងជើងប្រទេសថៃប្រឈមនឹងគ្រោះទឹកជំនន ជាទ្រង់ទ្រាយធំ ហើយកាលពីថ្ងៃទី៩ខែកក្កដា មានគ្រូនិងសិស្ស ជាង២០នាក់ជាប់គាំង មិនអាចចេញទៅណារួមដោយទឹកឡោមព័ទ្ធនិងបាក់ដៃ នៅក្នុងខេត្តតាក។ ការជាប់គាំងនេះស្ថិតនៅក្នុងស្រុក Tha Song Yang ខេត្ត តាក (Tak) ។ ភូមិជាច្រើននៅតំបន់ដីភ្នំបានរងនូវជំនន់ទឹកភ្លៀងអូសបន្លាយជាយូរថ្ងៃមកហើយ ។ ក្រុមជួយសង្គ្រោះបានខិតខំសម្អាត និងជម្រះផ្លូវដោយប្រើឧបករណ៍ធុនធ្ងន់ ឆ្ពោះទៅកាន់សាលារៀននៅក្នុងភូមិ ។
គ្រូ និងសិស្សបានពាក់ពួកសុវត្ថិភាព និងតោងខ្សែពួររបស់ក្រុមជួយសង្គ្រោះ ដែលកំពុងតែយោងពួកគេទៅកាន់ទីទួលខ្ពស់ មានសុវត្ថិភាព ។ មន្ត្រីក្នុងតំបន់ និងអ្នកស្ម័គ្រចិត្តបាននាំគ្នាដោះស្រាយចំពោះបង្គោលភ្លើងដែលបាក់មកលើផ្លូវថ្នល់ ដោយសារតែឥទ្ធិលទឹកហូរខ្លាំង ហូរកាត់ភូមិឋានប្រជាជន និងការដាច់ចរន្តអគ្គិសនីប្រើប្រាស់ជាដើម ។កងកម្លាំងយោធាក៏បានចូលរួមប្រតិបត្តិការជួយសង្គ្រោះនេះដែរ ដោយប្រើឧបករណ៍ធុនធ្ងន់សម្អាត និងជម្រះផ្លូវដែលឌិតដាមដោយភក់ល្បាប់ និងកម្ទិចកម្ទីបាក់បែក ។
នាយកដ្ឋានឧតុនិយមប្រទេសថៃបានព្រមានថា នៅភាគអាគ្នេយ៍របស់ប្រទេសថៃ នឹងពើបប្រទះនូវភ្លៀងធ្លាក់ខ្លួនចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ។ ភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នោះ បង្កឲ្យមានជំនន់ទឹកភ្លៀងកាន់តែខ្លាំងហូរចុះទៅកាន់ទីទំនាបនៅភាគខាងជើង, ភាគខាងជើងឆៀងខាងកើត, ភាគកណ្តាល ភាគខាងកើត និងឈូងសមុទ្រប្រទេសថៃ ។
ដោយឡែកនៅក្នុងប្រទេសឥណ្ឌាវិញ ពលរដ្ឋរាប់សិបម៉ឺននាក់រងផលប៉ះពាល់ដោយសារតែគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
មន្ត្រីឥណ្ឌាបានបញ្ជាក់កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គ្រោះទឹកជំនន់បានជន់លិចស្រុកចំនួន៨ ។ ប៉ុន្តែទោះបីយ៉ាងណា មកទល់ពេលនេះ គ្មានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ ។
រលកវិទ្យុ AIR បានផ្សាយថា នៅក្នុងរដ្ឋ Assam មនុស្សជាង៦២.០០០នាក់រងផលប៉ះពាល់នៅពេលបច្ចុប្បន្ននេះដោយសារទឹកជំនន់នៅទូទាំង៨ស្រុក ។ នៅស្រុក Jonai និងស្រុក Dhemaji ប៉ុណ្ណោះ មនុស្ស២៣,០០០នាក់ប៉ះពាល់ដោយគ្រោះទឹកជំនន់ពេលនេះ ។
យោងតាមមន្ត្រីដដែលបញ្ជាក់ថា ទន្លេជាច្រើន នៅពេលបច្ចុប្បន្ននេះមានកំណើនទឹកហួសពីកម្រិតអាសន្ននោះទៅទៀត គំរាមកំហែងនៅក្នុងតំបន់ជាច្រើន ។ វាបានធ្វើឲ្យកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍ជាច្រើនកន្លែងនៅក្នុងតំបន់ផងដែរដោយសារតែទឹកជំនន់នេះ ។
វិធានការសង្គ្រោះរបស់ក្រុមអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងប្រព្រឹត្តឡើងនៅក្នុងស្រុក Lakhimpur ។ទឹកជំនន់កើតមានជាធម្មតានៅក្នុងរដ្ឋAssam របស់ឥណ្ឌាខាងលើនេះ ពិសេសក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើននោះតែម្តង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។