ស្លាប់និងរបួសជិត៣០នាក់ដោយខ្យល់ព្យុះនៅក្រិក
នៅក្នុងតំបន់ Halkidiki ប្រទេសក្រិច រងការវាយប្រហារដោយព្យុះទ្រង់ទ្រាយធំ មានល្បឿនខ្យល់ខ្លាំង បំផ្លាញទ្រព្យសម្បតិនិងអាយុជីវិតមនុស្សជាច្រើន ។តាមរបាយការពីកម្លាំងសន្តិសុខក្រិច ឲ្យដឹងថា មាន មនុស្សយ៉ាងតិច៦នាក់បានស្លាប់ ២០នាក់បានរងរបួស ក្នុងហេតុការណ៍ខ្យល់ព្យុះកម្លាំងខ្លាំង បក់បោកនៅប្រទេសក្រិក ។
គ្រោះធម្មជាតិនោះបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៦នាក់ និង២០នាក់រងរបួសដោយសារដើមឈើជាច្រើនដើម និងបង្គោលភ្លើងបាក់រលំសង្កត់ ។ ចរន្តអគ្គិសនីក្នុងតំបន់ត្រូវកាត់ផ្តាច់ទាំងស្រុង ខណៈដែលតាមដងផ្លូវនានាត្រូវជាប់គាំងដោយសារដើមឈើបាក់រលំរាំងខ្ទប់ ។
ប៉ូលិស និងក្រុមពន្លត់អគ្គិភ័យរបស់ក្រិក បានថ្លែងថា ជនរងគ្រោះបាត់បង់ជីវិតបានកើតឡើងកាលពីរសៀលថ្ងៃពុធ ក្នុងឧបទ្ទវហេតុ៣ដោយឡែកពីគ្នា ។ អំណាចខ្យល់ខ្លាំងបក់បោករថយន្តក្រឡាប់បង្កគ្រោះថ្នាក់ ហើយដំបូលភោជនីយដ្ឋានមួយកន្លែងប៉ើងខូចខាតបង្កគ្រោះថ្នាក់ដល់មនុស្ស ។ តំបន់ដែលរងការវាយប្រហារពីខ្យល់ព្យុះនោះ ជាទីតាំងតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅរដូវក្តៅ ។
មនុស្សជាង៣០នាក់ត្រូវបានជួយសង្គ្រោះចេញពីអគារផ្សេងៗ ដែលរងប៉ះពាល់ធ្ងន់ធ្ងរពីអាកាសធាតុអាក្រក់ ។ ក្រុមជួយសង្គ្រោះនៅតែបន្តឈរជើង ក្រែងមានករណីសង្គ្រោះបន្ទាន់ណាមួយត្រូវធ្វើឡើងបន្តទៀតនៅក្នុងតំបន់ ។
នៅមុននោះ ភាគខាងត្បូងប្រទេសក្រិក ជនភៀសខ្លួន៨នាក់ រួមមានកុមារពីរនាក់ផងដែរ បានរងរបួស ដោយសារខ្យល់ខ្លាំងបក់បោកដើមឈើមួយដើមបាក់រលំលើជំរំតង់សម្រាប់ជនភៀសខ្លួនស្ថិតនៅក្នុងតំបន់ Inofyta ចម្ងាយប្រហែល៦០គីឡូម៉ែត្រពីរដ្ឋធានទីក្រិក ។
ប្រទេសក្រិកបានបង្កើតជំរំសម្រាប់ជនភៀសខ្លួននៅទូទាំងប្រទេស ក្រោយកិច្ចព្រមព្រៀងឆ្នាំ២០១៦ ដើម្បីកម្រិតការធ្វើដំណើរស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសសហគមន៍អឺរ៉ុបនោះ ។
ខ្យល់បក់ខ្លាំង អមទៅដោយសីតុណ្ហភាពកម្រិត៣៧អង្សាសេនេះ ក៏បានជួយបន្ថយដល់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ៣កន្លែងនៅភាគខាងត្បូងប្រទេសក្រិកផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។