លោក ដូណាលត្រាំ កំពុងតែចាញ់ព្រៀបលើបេក្ខភាព ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ
ជាមួយនឹងនយោបាយមួយចំនួន ពិសេសគឺ នយោបាយស្តីពីជនអន្តោប្រវេស និងកិច្ចការបរទេស ពិសេស គឺនយោបាយ ធ្វើឲ្យអាមេរិកខ្លាំង កំពុងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក ។ សកម្មភាពដឹកនាំរបស់លោកត្រាំ នាពេលកន្លងមក មិនបានធ្វើឲ្យអាមេរិកខ្លាំងនោះឡើយ ផ្ទុយទៅវិញកំពុងតែធ្វើឲ្យអាមេរិកទន់ខ្យោយ ។
នៅពេលការបោះឆ្នោតឆ្នាំ២០២០ កាន់តែខិតជិត ការស្ទង់មតិពលរដ្ឋក៏បានធ្វើឡើងជាបន្តបន្ទាប់ ឃើញថា ប្រធានាធិបតីដូណាលត្រាំ ទទួលបានការគាំទ្រតិចជាងបេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យ ក្នុងនោះមាន អតីតនុប្រធានាធិបតីអាមេរិក Joe Biden ។
តាមលទ្ធផលស្ទង់មតិរបស់ NBN news និង Wall Street Journal ដែលបានប្រកាសកាលពីថ្ងៃ ទី១៤ ខែកក្កដា បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតី Joe Biden ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ នាំមុខលើប្រធានាធិបតី ដូណាល ត្រាំ សម្រាប់ការបោះឆ្នោត នាឆ្នាំ២០២០។
តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាល លោក អូបាម៉ា ទទួលបានការគាំទ្រខ្ពស់ជាង ប្រធានាធិបតី ដូណាល ត្រាំ ដល់ទៅ៩ភាគរយ។ តាមលទ្ធផលដែលបានប្រកាសកាលពីថ្ងៃ ទី១៤ ខែកក្កដា លោក Joe Biden ទទួលបានការគាំទ្រ ៥៣ភាគរយ ចំណែក លោក ដូណាល់ ត្រាំ ទទួលបានតែ៤២ភាគរយប៉ុណ្ណោះ។
ចំពោះពលរដ្ឋអាមេរិក មានដើមកំណើតអាហ្រ្វិក បានគាំទ្រ លោក Joe Biden ច្រើនជាង ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។ ក្រៅពីបេក្ខភាព Joe Biden នៅមានបេក្ខភាពផ្សេងទៀតមកពីគណបក្សប្រជាធិបតេយ្យ ក៏ទទួលបានការគាំទ្រនាំមុខ ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ក្នុងនោះមានបេក្ខភាព Vermont Bernie Sanders ទទួលបានការគាំទ្រ ៥០ភាគរយ ចំណែកលោកត្រាំមានតែ ៤៣ភាគរយ ។ បេក្ខភាព Elizabeth Warren សមាជិកព្រឹទ្ធសភា រដ្ឋ Massachussettes ក៏ទទួលបានការគាំទ្រ ខ្ពស់ជាងលោក ត្រាំផងដែរ ។
ជាមួយនិងលទ្ធផលគាំទ្រធ្លាក់ចុះនោះ ប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមនឹងឧបស័គជាច្រើនសម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ ប៉ុន្តែអ្វីគ្រប់យ៉ាង អាចនឹងមានការប្រែប្រួល ដូចការបោះឆ្នោតឆ្នាំ២០១៦ ដោយរាល់ការស្ទង់មតិនាពេលនោះ បេក្ខភាព លោកស្រី ហ៊ីលឡារី គ្លីនតោន ទទួលបានការគាំទ្រខ្ពស់ ជារៀងរហូតមក ប៉ុន្តែដល់ពេលបោះឆ្នោត បែជាចាញ់លោកត្រាំទៅវិញ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។