លុយ ៣៣លានរៀល របស់ប្រជាពលរដ្ឋ១២គ្រួសារត្រូវបានលោកស៊ូ ចាន់ទ្រី អនុប្រធានសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តកំពង់ធំឆបោក!
ខេត្តកំពង់ធំ៖
យោងតាមសេចក្តីរាយការណ៍ដោយផ្ទាល់មាត់ពីអ្នកស្រី ចុង សៅនី និងអ្នកស្រី បេន យ៉ង់ រស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋទាំង ១២គ្រួសារ បានមករាយការណ៍ឲ្យអ្នកសារព័ត៌មានយើងដឹងថាប្រជាពលរដ្ឋទាំង១២គ្រួសារ ជាសាច់ញាតិរបស់ជនជាប់ចោទកំពុងជាប់ឃុំ ក្នុងពន្ធនាគារ២នាក់១.ឈ្មោះ ឆាំ ឆាន ភេទប្រុស អាយុ ៣៨ឆ្នាំ ២.ឈ្មោះ ផន សុគា ភេទប្រុស អាយុ ៣៤ឆ្នាំ ។
ពាក់ព័ន្ធករណី លោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំស៊ីដាច់លុយ ៣៣លានរៀល ដោយលោក ស៊ូ ចាន់ទ្រី ធានារត់ការដោះជនជាប់ចោទឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នភ្លាមៗ តែមិនដូចការសន្យានោះទេ ពេលពលរដ្ឋសួរនាំដំណឹងម្តងៗលោកស៊ូ ចាន់ទ្រី តែងតែឆ្លើយដោះសារថា បើចង់រួចខ្លួនពីគុកត្រូវប្រគល់ដីស្រែដែលកំពុងអាស្រ័យផលនោះឱ្យគេទៅគេដោះលែងហើយ ។
ពួកគាត់បានបន្តរៀបរាប់អំពីមូលហេតុដែលធ្វើឲ្យពួកគាត់រងគ្រោះយ៉ាងអយុត្តិធម៌រហូតមកដល់សព្វថ្ងៃនេះថា
កាលពីថ្ងៃទី ១៣ មេសា ឆ្នាំ២០២០ មានក្រុមប៉ូលីសជាច្រើននាក់ចុះទៅព័ទ្ធចាប់ខ្លួនពលរដ្ឋ២នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ១២គ្រួសារ ដែលធ្លាប់អាស្រ័យផលលើដីស្រែប្រាំង ក្នុងចំណុចបឹងត្រសែង ភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ តាមពាក្យបណ្តឹងក្លែងឯកសាររបស់ឈ្មោះ ហេង ឃីន អនុប្រធានភូមិរកា លន់ គឿន ប្រធានសហគមន៍បឹងត្រសែង និងឈ្មោះ ខ្ចៅ សែន ជាមេឈ្មួញដីធ្លី ដោយចោទប្រកាន់ប្រជាពលរដ្ឋថា ប៉ុនប៉ងសម្លាប់ពួកគេ កំពុងប្រើគ្រឿងចក្រកាយប្រឡាយ ។ ពលរដ្ឋ ២នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីថ្ងៃទី ១៣ មេសា ឆ្នាំ ២០២០ថ្មីៗនេះរួមមាន ១.ឈ្មោះ ឆាំ ឆាន ភេទប្រុស អាយុ ៣៨ឆ្នាំ ។ ២.ឈ្មោះ ផន សុគា ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានគេនាំយកទៅឃុំខ្លួនក្នុងចេតនារំលោភយកដីធ្លីពីប្រជាពលរដ្ឋទាំង ១២គ្រួសារ ដែលធ្លាប់អាស្រ័យផលស្រូវជាង ១០ឆ្នាំកន្លងមកហើយ ។ បន្ទាប់ពីប៉ូលីសបានចាប់ខ្លួនប្រជាពលរដ្ឋ២នាក់ ដែលមានឈ្មោះខាងលើយកទៅដាក់ឃុំរួចមកឈ្មោះ ស៊ូ ចាន់ទ្រី បានប្រាប់ពួកគាត់ថា ឲ្យរកលុយឲ្យគាត់ដើម្បីធានាមនុស្សនៅក្រៅឃុំ ។ នៅថ្ងៃទី ១៨ មេសា ឆ្នាំ២០២០ ឈ្មោះ ស៊ូ ចាន់ទ្រី បានឲ្យនាងខ្ញុំឈ្មោះ បេន យ៉ង់ យកលុយចំនួន ៣៣លានរៀល ទៅប្រគល់ឲ្យគាត់ ដើម្បីយកទៅរត់ការ ធានាមនុស្សដែលមានឈ្មោះដូចខាងលើបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ។ ក្រោយពីទទួលបានលុយរួចហើយ គាត់បានសន្យាថា ដើមខែឧសភា មនុស្សទាំង ២នាក់ ដែលមានឈ្មោះដូចខាងលើនឹងនៅក្រៅឃុំហើយ ។ ប៉ុន្តែការសន្យារបស់គាត់មិនបានសម្រេចរហូតមកដល់ថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋទាំង ១២ គ្រួសារកើតទុក្ខមិនសុខចិត្ត សុំឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយដំណឹងនេះ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយផ្តល់យុត្តិធម៌ដល់ពួកខ្ញុំបាទ/នាងខ្ញុំ ផង ។
សូមបញ្ជាក់ថាៈ មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋឃាត់គ្រឿងចក្ររបស់ក្រុមឈ្មួញដីធ្លីកាលគ្រានោះ គឺដោយសារពួកក្រុមនេះនាំយកគ្រឿងចក្រទៅកាយប្រឡាយហ៊ុព័ទ្ធយកដីស្រែរបស់ប្រជាពលរដ្ឋទាំង ១២គ្រួសារ ធ្លាប់បានអាស្រ័យផលជាង ១០ឆ្នាំមកហើយថា ជាកម្មសិទ្ធដីធ្លីរបស់ខ្លួនទៅវិញ ។ មិនតែប៉ុណ្ណោះ ក្រុមឈ្មួញទាំង ៣នាក់នេះ បានព្យាយាមប្រើល្បិចកិចកលក្លែងបន្លំឯកសារ ប្តឹងធ្វើទុក្ខបុកម្នេញដេញចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារដោយ អយុត្តិធម៌ រំខានដល់ការអាស្រ័យផលរបស់ប្រជាពលរដ្ឋរកទីបញ្ចប់គ្មាន ។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ អ្នកសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅលោក ស៊ូ ចាន់ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ នៅរសៀលថ្ងៃទី 8 ខែមិថុនាឆ្នាំ 2020 នេះ ទូរសព្ទខលចូល មិនមានអ្នកលើក ៕
(នៅមានផ្សាយបន្ត…)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។