ឆ្នាំ​២០២០​នេះ សត្វ​ត្មាត ១១៩​ក្បាល កំពុងមាន​វត្ត​មាននៅ​កម្ពុជា

​យោងតាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស សត្វ​ត្មាត​ទាំងបី​ប្រភេទ ដែលមាន​វត្តមាន​រស់​នៅក្នុង​តំបន់ការពារធម្មជាតិ នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ១១៩​ក្បាល ក្នុងនោះ​ត្មាតភ្លើង​ចំនួន ១១​ក្បាល ត្មោ​ត​ផេះ​ចំនួន ៧១​ក្បាល និង​ត្មោ​ត​ត្នោត​ចំនួន ៣៧​ក្បាល​។

​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្រោយ​ការធ្វើជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស​កម្ពុជា បានធ្វើ​ឡើង​នៅលើ​ទីតាំង ៤​កន្លែង​ផ្សេងៗ​គ្នា កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ ២០២០​។ ជំរឿន​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា ធ្វើឡើង​ដោយ​ការប្រមូល​ទិ​ន្ន័​ន័យ​ពី ៤​ទីតាំង​ផ្សេងគ្នា​នៅក្នុង​ភូមិ ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា នៅក្នុង​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។ ដោយឡែក សម្រាប់​ទីតាំង​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី មិនត្រូវ​បានធ្វើ​ឡើយ​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ​ក្រសួងបរិស្ថាន ចំនួន​សត្វ​ត្មាត​នៅ​ឆ្នាំ​២០២០​នេះ មាន​ចំនួន ១១៩​ក្បាល មានការ​ថយចុះ​ចំនួន ១៨​ក្បាល បើ​ប្រៀបធៀប​នឹង​លទ្ធផល​នៃ​ការ​ជំរឿន​នៅ​ឆ្នាំ​២០១៩​។ ចំពោះ​លទ្ធផល​ជំរឿន​សត្វ​ត្មាត​នៅ​ឆ្នាំ​២០១៩ កន្លងទៅ​បង្ហាញថា កម្ពុ​ជាមាន​សត្វ​ត្មាត​ទាំង ៣​ប្រភេទ មាន​ចំនួន ១៣៧ ក្បាល ហើយ​តំបន់​ដែលមាន​សត្វ​ត្មាត​ច្រើនជាងគេ គឺ​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង និង​ដែន​ជម្រក សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​។

​សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ក្នុងការ​បាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​។

​មូលហេតុ​ដែលនាំឱ្យ​សត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការធ្លាក់ចុះ​ខ្លាំង ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។ ក្នុងនោះ​ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន​បាន​ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ​ដោយសារតែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សពសត្វ​ស្លាប់​ដោយសារតែ​ថ្នាំពុល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close