ក្រុមហ៊ុនវិនិយោគរបស់ចិន គ្រោងបង្កើតរោងចក្រដុតសំរាម ផលិតឋាមពលអគ្គីសនី នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក Zhang Xiaozhong ប្រធានការិយាល័យតំណាងប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថាន ដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ នាពេលអនាគត ក្រោយពេលដែលគម្រោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ អស់រយៈពេលជាងកន្លះឆ្នាំ ដែលបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ ។
លោក Zhang Xiaozhong មានប្រសាសន៍ទៀតថា តាមរបាយការណ៍របស់ក្រុមហ៊ុន MIZUDA បានរកឃើញថា សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ដូចនេះក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១.០០០តោន ខណៈក្នុង១ឆ្នាំ រោងចក្រនេះ ត្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចបំលែងជាឋាមពលអគ្គិសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺនគីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។
លោក Zhang Xiaozhong មានប្រសាសន៍ទៀតថា ការបង្កើតរោងចក្រដុតសំរាម ដើម្បីផលិតឋាមពលអគ្គិសនីនៅខេត្តសៀមរាបនេះ គឺជាកម្មវត្ថុសំខាន់ក្នុងស្វែងរកដំណោះស្រាយ ការពារបរិស្ថានសម្រាប់ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយនេះ និង ដើម្បីបង្កើតអរិយធម៌ទីក្រុងអនាម័យ ដោយការកែប្រែសំរាមចេញពីកាកសំណល់ ឲ្យទៅជាធនធានដែលមានតម្លៃក្នុងការកែច្នៃ និងប្រើប្រាស់ឡើងវិញ ដែលវាមានគុណភាពមិនបន្សល់ផលប៉ះពាល់បរិស្ថានក្រោយការផលិតឋាមពលអគ្គិសនីនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគំរោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតឋាមពលអគ្គីសនីបានត្រឹមតែ១០ភាគរយនៃត្រូវការយ៉ាងណាក៏ដោយ ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថាន ។
គួររំលឹកថា បញ្ហាប្រមូលសំរាម , ការកំណត់តម្លៃលក់ឋាមពល និង ការកំណត់ទីតាំងសាងសង់រោងចក្រ នឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជំរុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។